(ហុងកុង)៖ ក្រុមបាតុករទីក្រុងហុងកុងមានគម្រោងធ្វើបាតុកម្មមួយ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយ ក្រុមបាតុករក្នុងតំបន់កាតាឡូនៀ (Catalonia) ដែលកំពុងនាំគ្នាតវ៉ាប្រឆាំងរដ្ឋាភិបាលអេស្ប៉ាញ ជុំវិញការកាត់ទោសដាក់ពន្ធនាគារ លើមេដឹកនាំទាមទារឯករាជ្យរបស់ពួកគេចំនួន ០៩នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
កាតាឡាន់គឺជាតំបន់ស្វ័យមួយរបស់អេស្ប៉ាញ ដែលស្រដៀងគ្នាទៅនឹងទីក្រុងហុងកុងដែរ។ ក្រុមបាតុករហុងកុងភាគច្រើនចង់បានប្រជាធិបតេយ្យពេញលេញ ខណៈពួកគេមួយចំនួនតូចចង់បានឯករាជ្យ និងផ្ដាច់ខ្លួនចេញពីចិនដីគោក។ ដោយឡែក នៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បាតុករហុងកុងក៏បានគ្រវីទង់ជាតិតំបន់ កាតាឡូនៀជាការគំាទ្រ ខណៈក្រុមសកម្មជនក្នុងតំបន់ភាគឦសានប្រទេសអេស្ប៉ញ បានចម្លងវិធីសាស្ត្រតវ៉ាមួយចំនួនពីបាតុករនៅហុងកុង។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ សភាពហុងកុងបានលុបចោលជាផ្លូវការហើយ នូវសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើ បត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ ប៉ុន្តែបាតុកម្មតវ៉ា នឹងផ្ទុះឡើងជាថ្មីព្រោះថា នេះគ្រាន់តែសម្រេចសំណើមួយក្នុងចំណោមគោលបំណងធំៗ ០៥ របស់បាតុករហុងកុងតែប៉ុណ្ណោះ។ ពោលគឺក្រៅពីលុបចោលសេចក្ដីព្រាងច្បាប់នេះ ក្រុមបាតុករបានទាមទារ ផងដែរឱ្យរដ្ឋាភិបាលហុងកុង ឈប់ចាត់ទុកបាតុកម្មរបស់ពួកគេថា ជាកុបកម្ម, លើកលែងទោសដល់បាតុករដែលត្រូវចាប់ខ្លួនទាំងអស់, បើកការស៊ើបអង្កេតលើករណីប៉ូលិសប្រើហិង្សាលើបាតុករ និងអនុវត្តយ៉ាងពេញនូវច្បាប់បោះឆ្នោតសកល៕