(បាងកក)៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានដកតំណែងមន្រ្តីសរុបចំនួន ០៦នាក់ ដោយសារពួកគេប្រើប្រាស់តួនាទីផ្លូវការរបស់ពួកគេ ទៅកេងចំណេញយកផលប្រយោជន៍ខ្លួនឯង និងសម្រាប់អ្នកដទៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
ក្នុងចំណោមបុគ្គលទាំង ០៦នាក់នោះ មានស្រ្តីម្នាក់ ប៉ូលិសជាន់ខ្ពស់ម្នាក់ និងកងការពារព្រះរាជវាំងពីរនាក់។ យោងតាមសេចក្តីប្រកាសរបស់ព្រះរាជវាំងថៃ មន្ត្រីទាំងឡាយខាងលើនេះត្រូវបានបណ្តេញចេញពីតួនាទី ដោយសារតែពួកគេបានប្រព្រឹត្តទង្វើបំពានធ្ងន់ធ្ងរលើក្រឹតក្រមវិន័យ តាមរយៈការប្រើប្រាស់តួនាទីជាមន្រ្តីរាជការ ទៅបម្រើផលប្រយោជន៍ខ្លួន និងសម្រាប់បក្ខពួក។
គួរជម្រាបថា ការដកតំណែងខាងលើនេះធ្វើឡើង ក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃការប្រកាសដកហូតតំណែងនិងឋានៈទាំងអស់ របស់អ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) ដោយសារតែអ្នកម្នាងត្រូវបានគេរកឃើញថា គ្មានភាពស្មោះត្រង់ និងមានមហិច្ឆតាចង់លើកតម្កើងខ្លួន ឲ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី។
កាលពីខែកក្កដាកន្លងទៅ គឺរយៈពេលពីរខែបន្ទាប់ពីព្រះបាទ Maha Vajiralongkorn ត្រូវបានអភិសេកជាព្រះមហាក្សត្រថៃតាមប្រពៃណី ទ្រង់បានតែងតាំងអគ្គមហេសី ព្រះនាម សុធីតា (Suthida) ជាផ្លូវការ។ បន្ទាប់មកទៀតព្រះមហាក្សត្រថៃក៏បានប្រទានគោរមងារជា ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដល់អ្នកម្នាង Sineenat Wongvajirapakdi ដែលមិនបានប៉ុន្មានខែផង ក៏ត្រូវបានទម្លាក់ពីតំណែងវិញទាំងអស់៕