(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទស្សនាវដ្ដី National Interest បានរាយការណ៍ថាប្រទេសចំនួន៥ អាចនឹងបញ្ជាទិញរថក្រោះ T-14 Armata ពីរុស្ស៊ី នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

 

២៖ ពលរដ្ឋលីបង់ម្នាក់បានបាញ់ទម្លាក់ យន្ដហោះដ្រូនមួយគ្រឿងរបស់អ៊ីស្រាអែល នៅថ្ងៃពុធនេះ ដោយប្រើកាំភ្លើងបាញ់សត្វនៅឯភូមិ ខាហ្វ គីឡា (Kafr kila) ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់។

 

៣៖ សាកសពមនុស្សចំនួន៣៩នាក់ ត្រូវបានគេប្រទះឃើញក្នុងទូរនៃរថយន្តដឹកកុងតឺន័រមួយគ្រឿង នៅទីក្រុង Essex ក្បែរ ទីក្រុងឡុងដ៍។

 

៤៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានបណ្ដេញនាយកប្រតិបត្តិ (CEO) ផ្នែកពាណិជ្ជកម្មយន្ដហោះលោក ខេវិន ម៉ាកអាលលីស្ទឺរ (Kevin McAllister) ចេញតំណែង ហើយដែលលោកនឹងក្លាយជាមន្ត្រីជាន់ខ្ពស់ ដំបូងគេបំផុតត្រូវបានគេបញ្ចប់តួនាទី ចាប់តាំងពីមានសោកនាដកម្មធ្លាក់យន្ដហោះ 737 MAX ដល់ទៅពីរលើកនៅឥណ្ឌូណេស៊ី និងអេត្យូពី។

 

៥៖ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) បានសម្តែងការគាំទ្រចំពោះការចុះ អនុស្សរណៈ រវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ស្តីពីបញ្ហាស៊ីរី។

 

៦៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើរឿងដ៏កម្រមួយដោយរិះគន់លើគោលនយោបាយឪពុក របស់លោកដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍតំបន់រម្មណីយដ្ឋានភ្នំ Kumgang ស្ថិតនៅឆ្នេរភាគខាងកើត នៃប្រទេស៕