(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសខូស្មូស (Roscosmos) ទើបតែបង្ហើបឲ្យដឹងថា យានអវកាសសូយូស (Soyuz) មួយគ្រឿងនឹងត្រូវកែច្នៃ សម្រាប់ការធ្វើដំណើរក្នុងលក្ខណៈទេសចរណ៍ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

លោក ស៊ឺហ្គៃ គ្រីកាវែល (Sergei Krikavel) ប្រធានផ្នែកធ្វើដំណើររបស់មនុស្សក្នុងទីអវកាស នៃទីភ្នាក់ងារអវកាសរុស្ស៊ីបានលើកឡើងដូចខាងលើ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងកំឡុងវេទិកា International Astronautical Congress (IAC) ដែលបានរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ លោក Krikavel បានបញ្ជាក់យ៉ាងដូច្នេះថា «យានអវកាសសម្រាប់បេសកកម្មបែបទេសចរណ៍ កំពុងត្រូវបានកែច្នៃ ដើម្បីឲ្យវាអាចបញ្ជាបានដោយអវកាសយានិកត្រឹមតែម្នាក់ មិនមែន ០៣នាក់ដូចរាល់ដងនោះឡើយ»

យ៉ាងណាមិញ លោក Sergei Krikavel ក៏បានសង្កត់ធ្ងន់ដែរថា ពុំទាន់មានការចុះកិច្ចសន្យាជាមួយបុគ្គលណាម្នាក់ ស្តីពីការធ្វើដំណើរក្នុងយានអវកាសនេះនៅឡើយទេ។ យានអវកាសរុស្ស៊ី Soyuz មួយគ្រឿងនេះ កំពុងស្ថិតក្រោមការកែច្នៃក្នុងភាពជាដៃគូជាមួយ ក្រុមហ៊ុនទេសចរណ៍អវកាសអាមេរិក Space Adventures។ ទីភ្នាក់ងារអវកាស Roscosmos និងក្រុមហ៊ុន Space Adventures បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីនាំយកអ្នកទេសចរចំនួនពីរនាក់ ឡើងទៅកាន់ស្ថានីយ ISS នៅឆ្នាំ២០២១។

គួរជម្រាបថា ក្រុមហ៊ុនអវកាសឯកជនរបស់រុស្ស៊ី Kosmokurs ដែលកំពុងអភិវឌ្ឍការហោះហើរទេសចរណ៍នៅទីអវកាស នៅរយៈកម្ពស់ Suborbital បានចាប់ផ្តើមការធ្វើតេស្តជាលើកដំបូង នៃគ្រាប់រ៉ុក្កែតក៏ដូចជាបច្ចេកវិទ្យាអវកាសរបស់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៩។ បើតាមក្រុមហ៊ុន Kosmokurs តម្លៃសំបុត្រសម្រាប់ការធ្វើដំណើរឡើង ទៅទស្សនាកម្សាន្តក្នុងទីអវកាស តាមរយៈក្រុមហ៊ុននេះនឹងថ្លៃប្រហែល ២០០,០០០-២៥០,០០០ដុល្លារ៕