Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋលីបង់ប្រើកាំភ្លើងបាញ់សត្វ បាញ់ទម្លាក់យន្តហោះដ្រូនអ៊ីស្រាអែល!

23-10-2019 15:56

(លីបង់)៖ ពលរដ្ឋលីបង់ម្នាក់បានបាញ់ទម្លាក់ យន្ដហោះដ្រូនមួយគ្រឿងរបស់អ៊ីស្រាអែល នៅថ្ងៃពុធនេះ ដោយប្រើកាំភ្លើងបាញ់សត្វនៅឯភូមិ ខាហ្វ គីឡា (Kafr kila) ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរបើតាមអាជ្ញាធរអ៊ីស្រាអែល យន្ដហោះដ្រូនខាងលើត្រូវបានបាញ់ទម្លាក់ កំឡុងធ្វើប្រតិបត្តិការហោះហើរ ដើម្បីត្រួតពិនិត្យជាប្រចាំនៅតំបន់ព្រំដែន។ បច្ចុប្បន្នយោធាលីបង់ កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដោយយន្ដហោះដ្រូន មកលើទឹកដីលីបង់ ធ្លាប់បានកើតមានឡើងប៉ុន្មានដងរួចមកហើយ។

ជាក់ស្ដែងភាពតានតឹងរវាងលីបង់ និងអ៊ីស្រាអែលបានផ្ទុះឡើងខ្លាំង បន្ទាប់ពីមានការវាយប្រហារដោយ យន្ដហោះដ្រូនអ៊ីស្រាអែលចំនួនពីរលើក មកលើតំបន់ជាយរដ្ឋធានី ប៊ែរូត (Beirut) កាលពីថ្ងៃទី២៥ ខែសីហា។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែលក៏បានរងការចោទប្រកាន់ផងដែរថា បានរំលោភចូលដែនអាកាសលីបង់ជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងមូលដ្ឋានអ៊ីរ៉ង់នៅស៊ីរី៕