(ម៉ូស្គូ)៖ ទស្សនាវដ្ដី National Interest បានរាយការណ៍ថាប្រទេសចំនួន៥ អាចនឹងបញ្ជាទិញរថក្រោះ T-14 Armata ពីរុស្ស៊ី នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។
យោងតាម National Interest ប្រទេសទាំង៥ខាងលើដែលកំពុងចាប់អារម្មណ៍លើរថក្រោះ T-14 Armata មានដូចជា ឥណ្ឌា ចិន អាល់ហ្សេរី អេហ្ស៊ីប និងអេមីរ៉ាត អារ៉ាប់រួម ហើយក្នុងនោះឥណ្ឌា គឺជាប្រទេសចង់ទិញរថក្រោះប្រភេទនេះ ខ្លាំងជាងគេ ខណៈរថក្រោះនៃប្រទេសលោកខាងលិចរួមមាន Leopard 2A7 និង M1A2 Abrams ត្រូវបានគេ រាយការណ៍ថាមិនសក្តិសមប្រើប្រាស់នៅលើសណ្ឋានដីឥណ្ឌា។
ចំណែកឯ ចិនវិញ ក៏ត្រូវបានគេរំពឹងថានឹងទិញ T-14 Armata ពីរុស្ស៊ីផងដែរ ព្រោះទីក្រុងប៉េកាំង ចង់ស្វែងយល់ពី រថក្រោះរុស្ស៊ី ដើម្បីផលិត និងអភិវឌ្ឍរថក្រោះខ្លួនឯងយកទៅប្រកួតប្រជែងក្នុងទីផ្សារអាវុធលើពិភពលោក។
គួរបញ្ជាក់ថា រថក្រោះរុស្ស៊ី T-14 Armata បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងកាលពីឆ្នាំ២០១៥ ហើយវាគឺជា រថក្រោះប្រយុទ្ធស៊េរីថ្មីចុងក្រោយបំផុត ដែលមានទាំងមនុស្សបើក និងបំពាក់បច្ចេកវិទ្យាបញ្ជាពីចំងាយ ឬ remote ជាមួយកាណុង១២៥ មីលីម៉ែត្រ និងកាំភ្លើងយន្ដ ៧.៦២មីលីម៉ែត្រអាចបញ្ជាពីចំងាយ៕