(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគី បានប្រកាសឲ្យដឹងនាថ្ងៃពុធនេះថា ប្រតិបត្តិការយោធាតួកគីនៅភាគខាងជើងប្រទេសស៊ីរី ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ ក្រោយការចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងរុស្ស៊ី និងតួកគី។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «នៅដំណាក់កាលនេះ តួកគីមិនចាំបាច់បន្តប្រតិបត្តិការយោធា សន្តិភាពនិទាឃរដូវ (Operation Peace Spring) ទៀតឡើយ» ក្រោយតួកគីបានទទួលដំណឹងពីអាមេរិកថា ការដកថយនៃកងកម្លាំងឃើដ ចេញពីតំបន់សុវត្ថិភាពដែលតួកគីចង់បង្កើតឡើងនោះ គឺបានសម្រេចទាំងស្រុងហើយ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តួកគីបានយល់ព្រមជាមួយអាមេរិក ដើម្បីផ្អាកសកម្មភាពយោធានៅស៊ីរីរយៈពេល ០៥ថ្ងៃ ដើម្បីទុកពេលឲ្យក្រុមអ្នកប្រយុទ្ធឃើដ ដកថយចេញពីតំបន់សុវត្ថិភាពនោះ។

នៅកំឡុងពេលផ្អាកប្រតិបត្តិការ ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ ធ្លាប់បានព្រមានបន្តសកម្មភាពយោធាឡើងវិញ ប្រសិនបើអាមេរិក ពុំអាចបំពេញតាមពាក្យសន្យារបស់ខ្លួន គឺពួកឃើដមិនដកថយចេញពីតំបន់សុវត្ថិភាព។ ការប្រកាសរបស់ក្រសួងការពារជាតិតួកគី ធ្វើឡើងបន្ទាប់ពីរយៈពេលផ្អាកសកម្មភាព ០៥ថ្ងៃ បានឈានចូលដល់ទីបញ្ចប់ ហើយក្រោយពីតួកគីនិងរុស្ស៊ីទើបសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលសំដៅជួយសម្រួបសម្រួលដល់ការផ្លាស់ទីរបស់កងកម្លាំងឃើដ ចេញឲ្យឆ្ងាយពីតំបន់ព្រំដែនស៊ីរីជាប់នឹងតួកគី។

គួរជម្រាបថា តួកគីបានបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី ប្រឆាំងនឹងកងកម្លាំងឃើដ ដែលធ្លាប់ជួយកងទ័ពអាមេរិកក្នុង យុទ្ធនាការកម្ចាត់ក្រុមភេរវករ ISIS កាលពីពីរសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសអំពីការដកទ័ពចេញពីតំបន់នោះ។ តួកគីចាត់ទុកក្រុមអ្នកប្រយុទ្ធឃើដជាក្រុមភេរវករ និងជាការគំរាមកំហែងដ៏ធំមួយ នៅក្បែរព្រំដែនភាគខាងត្បូងរបស់ខ្លួន។ ក្រោយការបើកប្រតិបត្តិការបានជិតមួយសប្តាហ៍ យោធាតួកគីបានអះអាងថា ពួកគេបានកម្ចាត់សមាជិកក្រុមឃើដដល់ទៅជាង៥០០នាក់៕