(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបណ្ដេញនាយកប្រតិបត្តិ (CEO) ផ្នែកពាណិជ្ជកម្មយន្ដហោះលោក ខេវិន ម៉ាកអាលលីស្ទឺរ (Kevin McAllister) ចេញតំណែង ហើយដែលលោកនឹងក្លាយជាមន្ត្រីជាន់ខ្ពស់ ដំបូងគេបំផុតត្រូវបានគេបញ្ចប់តួនាទី ចាប់តាំងពីមានសោកនាដកម្មធ្លាក់យន្ដហោះ 737 MAX ដល់ទៅពីរលើកនៅឥណ្ឌូណេស៊ី និងអេត្យូពី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។
ទន្ទឹមគ្នានោះដែរក្រុមហ៊ុន Boeing បានសម្រេចចិត្តតែងតាំងលោក ស្ទេន ឌាល (Stan Deal) ដែលជានាយកប្រតិបត្តិជើងចាស់ម្នាក់របស់ Boeing ឱ្យឡើងកាន់តំណែងជំនួសលោក McAllister ភ្លាមៗតែម្ដង ក្នុងនាមជានាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មយន្ដហោះរបស Boeing ហៅកាត់ថា BCA។ ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក ដ៏ធំជាងគេនៅលើពិភពលោកមួយនេះ កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរជាមួយការដាក់បម្រាមហោះហើរ ដើម្បីសុវត្ថិភាពរយៈពេល ០៨ខែ លើយន្ដហោះត្រកូល 737 MAX ក្រោយយន្ដហោះដែលលក់ដាច់ជាងគេមួយនេះ ធ្លាក់ដល់ទៅពីរលើគឺ នៅឥណ្ឌូណេស៊ី និងអេត្យូពីដោយផ្ដាច់ជីវិតមនុស្ស ៣៤៦នាក់។
ប៉ុន្តែលោក McAllister មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈបុគ្គលិកខ្លះមានការភ្ញាក់ផ្អើលខ្លាំង ចំពោះការសម្រេចចិត្តរបស់ Boeing ដោយពួកគេហៅរូបលោកថា ជាជនរងគ្រោះទៀតផង។ ម្យ៉ាងវិញទៀតការសម្រេចចិត្ត បណ្ដេញលោក McAllister ចេញពីតំណែងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹង Boeing ចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ខ្លួន៕