(ម៉ូស្គូ)៖ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) បានសម្តែងការគាំទ្រចំពោះការចុះអនុស្សរណៈ រវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ស្តីពីបញ្ហាស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។
យោងតាមប្រភពពីវិមានក្រឹមឡាំង លោក ពូទីន បានទូរស័ព្ទប្រាប់លោក Assad អំពីខ្លឹមសារនៃអនុស្សរណៈរវាងរុស្ស៊ី-តួកគីស្តីពីបញ្ហានៅស៊ីរី ក្រោយកិច្ចជួបពិភាក្សាជាមួយលោកប្រធានាធិបតីតួកគី។ ជាការឆ្លើយតបលោក Assad បានអរគុណលោក ពូទីន និងបានបង្ហាញ ការគាំទ្រពេញទំហឹងចំពោះលទ្ធផលនេះ។
នៅក្រោមអនុស្សរណៈនោះ កងកម្លាំងសន្តិសុខរបស់រុស្ស៊ីរួមជាមួយ កងកម្លាំងការពារព្រំដែនរបស់ស៊ីរី នឹងចូលទៅក្បែរព្រំប្រទល់តួកគី-ស៊ីរី ជាប់ទីតាំងធ្វើប្រតិបត្តិការយោធារបស់តួកគី ដើម្បីជួយសម្របសម្រួលដល់ការដកខ្លួនចេញ របស់កងកម្លាំងឃើដ និងសព្វាវុធរបស់ពួកគេ ដែលអាចត្រូវចំណាយពេលជិតមួយសប្តាហ៍។ បន្ទាប់ពីមកទៀតការល្បាតរួមគ្នារវាងរុស្ស៊ី និងតួកគី នឹងចាប់ផ្តើមឡើងនៅភាគខាងលិច និងភាគខាងកើតនៃតំបន់ប្រតិបត្តិការយោធារបស់តួកគី។
បើតាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ប្រតិបត្តិការយោធា និទាឃរដូវនៃសន្តិភាព (Operation Peace Spring) របស់តួកគី កំពុងឈានទៅរកការលុបចោលទាំងស្រុង ប៉ុន្តែអ្វីៗគឺអាស្រ័យទៅលើការអនុវត្តនៃការព្រមព្រៀងគ្នានេះ។
គួរជម្រាបថា កាលពីថ្ងៃទី០៩ ខែតុលា តួកគីបានបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី ជាប់ព្រំដែនភាគខាងត្បូងតួកគី ក្រោមគោលដៅវាយកម្ទេចកងកម្លាំងឃើដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថា ក្រុមភេរវករ។ តួកគីបានសម្រេចធ្វើបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដកកងទ័ពចេញពីតំបន់នោះ៕