ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ប្រឈមមុខនឹងការបិទទ្វារ
23-10-2019 00:24
(បាងកក)៖ ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) លោក Sumeth Damrongchaitham បានប្រាប់ឲ្យដឹង នៅថ្ងៃអង្គារនេះថា បុគ្គលិកត្រូវតែសហការ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការធ្វើឲ្យក្រុមហ៊ុនល្អដូចដើមវិញ ព្រោះវាគឺជាវិបត្តិមួយ បើមិនដូច្នោះទេ ក្រុមហ៊ុនប្រឈមមុខនឹងការបិទទ្វារ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២២ ខែតុលានេះ។
លោកបានផ្ញើសារនេះ ទៅកាន់អ្នកប្រតិបត្តិក្រុមហ៊ុន THAI នៅអំឡុងពេល វគ្គបណ្តុះបណ្តាលមួយ នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
លោកបានលើកឡើងថា THAI បានបាត់បង់ភាពទីផ្សាររបស់ខ្លួន លើផ្លូវហោះហើរជាច្រើនជាមួយក្រុមហ៊ុនប្រកួតប្រជែង។ លោកបន្តថា ក្រុមហ៊ុននឹងកាត់បន្ថយការចំណាយ ដោយកាត់បន្ថយប្រាក់ខែ របស់បុគ្គលិកផ្នែកគ្រប់គ្រង ខណៈក្រុមហ៊ុនកំពុងស្ថិតក្នុងវិបត្តិ។
គួរជម្រាបថា ៦ខែដំបូងឆ្នាំនេះ, ក្រុមហ៊ុន THAI បានខាតប្រាក់ ចំនួន៦.៤៤ពាន់លានបាត (ជាង២១២លានដុល្លារអាមេរិក)។ ចំនួននេះ បានធ្វើឲ្យទំហំនៃការខាតរបស់ក្រុមហ៊ុន កើនឡើងដល់២៨០ពាន់លានបាត។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក ជាង២០,០០០នាក់៕