(បាកដាដ)៖ យោធាអ៊ីរ៉ាក់នាថ្ងៃអង្គារនេះបានបញ្ជាក់ថា កងទ័ពអាមេរិកត្រូវបានអនុញ្ញាតឲ្យឆ្លងពីព្រំដែនប្រទេសស៊ីរី ចូលមកក្នុង ប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនទទួលបានការអនុញ្ញាតឲ្យឈរជើងស្នាក់នៅនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារ ព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។
កាលពីថ្ងៃចន្ទម្សិលមិញ មានសេចក្តីរាយការណ៍ថា ក្បួនយានយន្តយោធាអាមេរិកប្រមាណ១០០គ្រឿង បានធ្វើដំណើរផុតពីស៊ីរី ឆ្លងចូលមកដល់ប្រទេសអ៊ីរ៉ាក់ ក្រោមក្របខណ្ឌនៃការដកកម្លាំងទ័ពចេញពីតំបន់ភាគខាងជើងរបស់ប្រទេសស៊ីរី។ បើតាមរដ្ឋមន្រ្តី ការពារជាតិអាមេរិក លោក Mark Esper កងទ័ពអាមេរិកជាង ១,០០០នាក់ ដែលដកចេញនឹងត្រូវផ្លាស់ទៅឈរជើង នៅអ៊ីរ៉ាក់ វិញ។
នាថ្ងៃអង្គារនេះ យោធាអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះថា «កងទ័ពអាមេរិកដែលបានដកចេញពីស៊ីរី ត្រូវបាន អនុញ្ញាតឲ្យចូលក្នុងទឹកដីអ៊ីរ៉ាក់ ដើម្បីត្រៀមសម្រាប់ការដឹកជញ្ជូនបន្តចេញពីប្រទេសអ៊ីរ៉ាក់ ព្រោះពុំមានការអនុញ្ញាតឲ្យកងទ័ព ទាំងអស់នេះស្នាក់នៅឡើយ»។
គួរជម្រាបថា ប៉ុន្មានថ្ងៃមុនតួកគីបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីចេតនាដកកងទ័ព របស់ខ្លួនចេញពីតំបន់នោះ។ ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវគេមើលឃើញថាប្រៀបដូចជាការយកកាំបិតចាក់ពីក្រោយខ្នង កង កម្លាំងឃើដ ដែលធ្លាប់បានជួយកងទ័ពអាមេរិកក្នុងយុទ្ធនាការកម្ចាត់ក្រុម ISIS។
ក្រោយត្រូវអាមេរិកបោះបង់ចោល ក្រុមអ្នកប្រយុទ្ធឃើដបានសម្រេចកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ីរី និងរុស្ស៊ី ដើម្បីជួយ ពួកគេការពារខ្លួនពីចង្កូមរបស់យោធាតួកគី។ ដោយឡែក ខណៈនេះតួកគីកំពុងតែផ្អាកសកម្មភាពប្រតិបត្តិការយោធារបស់ខ្លួន ក្រោយពីបានទទួលយកការចរចារបស់អាមេរិក៕