(ម៉ានីល)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសហ្វីលីពីនលោក អ៊ីហ្គ័រ ខូវ៉ាអេវ (Igor Khovaev) នាថ្ងៃអង្គារនេះបាននិយាយថា ប្រទេសលោកមានបំណងចង់បើកក្រុមហ៊ុនផលិតកាំភ្លើង នៅក្នុងទឹកដីប្រទេសហ្វីលីពីនផ្ទាល់តែម្តង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។
ក្នុងសន្នីសីទសារព័ត៌មានមួយនៅទីក្រុងម៉ានីល លោក Khovaev បាននិយាយថា ភាគីទាំងពីរកំពុងតែស្វែងរកឱកាស ដើម្បីរួមសហការគ្នាផលិតកាំភ្លើង នៅក្នុងប្រទេសហ្វីលីពីន ពោលគឺហ្វីលីពីននឹងជាអ្នកផលិតកាំភ្លើងរបស់រុស្ស៊ី ខណៈពួកវានឹងជាផលិតផលរបស់ហ្វីលីពីន ដែលប្រើបច្ចេកវិទ្យារុស្ស៊ី។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានបន្តថា ប្រសិនបើកិច្ចព្រមព្រៀងទាក់ទងបំណងនេះអាចទៅមុខ ហ្វីលីពីននឹងក្លាយជាអ្នកនាំចេញកាំភ្លើងទំនើបៗ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
លោក Khovaev មិនបានបញ្ជាក់ឲ្យច្បាស់ថា ប្រភេទកាំភ្លើងអ្វីដែលរុស្ស៊ីចង់ផលិតនៅហ្វីលីពីនឡើយ ក៏ប៉ុន្តែលោកសង្ឃឹមថា ការរួមសហការគ្នាផលិតកាំភ្លើង នឹងអាចលេចរូបរាងឡើងក្នុងនាពេលឆាប់ៗ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់មានសភាពរស់រវើកខ្លាំងឡើងៗ នៅក្រោមអាណត្តិរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានដែលជ្រើសរើសនយោបាយ ដែលងាកចេញពីការពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក។
គួរជម្រាបថា ជាមួយគ្នានេះរដ្ឋាភិបាលហ្វីលីពីន ក៏មានគម្រោងទិញឧទ្ធម្ភាគចក្រ និងបរិក្ខាយោធាផ្សេងៗពីប្រទេសស៊ីរីផងដែរ។ មួយវិញទៀតដំណើរទស្សនកិច្ច នាពេលកន្លងទៅនេះរបស់លោក ឌូតឺតេ ទៅកាន់ប្រទេសរុស្ស៊ី ដែលជាលើកទីពីរនោះ ត្រូវបានគេចាត់ទុកថា ជាការស្តែងឲ្យឃើញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ទីក្រុងម៉ានីល ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែរឹងមាំជាមួយទីក្រុងម៉ូស្គូ៕