(បរទេស)៖ ជាយូរណាស់មកហើយ ចិនបានរងការចោទប្រកាន់ថា បានលួចបច្ចេកវិទ្យាការពារជាតិ រួមមានយន្តហោះចម្បាំងជាដើមពីសហរដ្ឋអាមេរិក ប៉ុន្តែការចោទប្រកាន់ទាំងនោះ គឺមិនដែលមានភស្តុតាងរឹងមាំឡើយ ខណៈអ្នកជំនាញអន្តរជាតិមួយចំនួន ក៏ធ្លាប់បានលើកឡើងរួចមកហើយថា តាមពិតទៅបច្ចេកវិទ្យា និងទិសដៅដែលចិនបានដាក់លើយន្តហោះចម្បាំងរបស់ខ្លួន គឺខុសប្លែកពីផលិតផលរបស់អាមេរិក។
យន្តហោះចម្បាំងរបស់ចិន J-20 វៃឡុង (Weilong) គឺជាប្រភេទយន្តហោះចម្បាំងជំនាន់ទី ៥ និងមានសមត្ថភាពបំបាយកាយពីប្រព័ន្ធរ៉ាដា ដូចយន្តហោះចម្បាំង F-22 Raptor និង F-35 Lightning របស់អាមេរិក។ ដោយសារតែលក្ខណៈស្រដៀងគ្នាបន្តិចបន្តួចរវាងពួកវា អ្នកវិភាគភាគច្រើនចាត់ទុកចំណុចទាំងនោះជាតឹកតាងបង្ហាញថា ក្រុមវិស្វករចិនបានចម្លងការរចនាពីក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។
កាលពីខែមុនលោក ចន បូលតុន (John Bolton) ដែលកាលនោះនៅជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក ធ្លាប់បានលើកឡើងថា យន្តហោះចម្បាំងជំនាន់ទី ៥ របស់ចិនមើលទៅស្រដៀងយន្តហោះចម្បាំង F-35 ខ្លាំង ព្រោះវាគឺជាយន្តហោះចម្បាំង F-35 តែម្តង ពោលគឺចិនបានលួចចម្លង F-35។ គ្រានោះ លោក Bolton អាចចង់សំដៅលើយន្តហោះចម្បាំង J-20 ឬក៏គំរូយន្តហោះចម្បាំង សិនយ៉ាង F-31 (Shenyang FC-31)។
បើតាមការពិនិត្យមើលក៏ដូចជាវាយតម្លៃឲ្យច្បាស់ និងស៊ីជម្រៅ យន្តហោះចម្បាំង J-20 ឬ FC-31 របស់ចិនគឺខុសដាច់ពីយន្តហោះចម្បាំង F-22 ឬ F-35 របស់អាមេរិក។ តួយ៉ាងដូចជាទំហំជាដើម ដោយយន្តហោះចម្បាំងចិនមានទំហំធំជាង។ ម៉្យាងវិញទៀតក្រៅពីទំហំ យន្តហោះចម្បាំង J-20 និង FC-31 គឺជាប្រភេទយន្តហោះមានម៉ាស៊ីនពីរ ខណៈ F-35 ដែលជាយន្តហោះចម្បាំងស៊េរីថ្មី ចុងក្រោយគេរបស់សហរដ្ឋអាមេរិកមានតែមួយប៉ុណ្ណោះ ខណៈ F-22 ទើបមានម៉ាស៊ីនពីរ។
រីឯយន្តហោះចម្បាំងប្រទេសដទៃៗទៀត ដូចជារបស់រុស្ស៊ីជាដើម ក៏មានយន្តហោះចម្បាំងម៉ាស៊ីនពីរដែរ។ មួយវិញទៀតប្រសិនបើចិនពិតជាលួចចម្លង F-35 មែននោះ តើហេតុអ្វីបានជាការអភិវឌ្ឍយន្តហោះចម្បាំង J-20 ហាក់ពុំបានជួបបញ្ហាមិនចេះអស់ និងចំណាយលុយចោលច្រើនដូចការអភិវឌ្ឍនៃ យន្តហោះចម្បាំងអាមេរិក F-35 របស់អាមេរិក។
គួរជម្រាបថា ឧទ្ធម្ភាគចក្រចិន ហាប៊ីន Z-20 (Harbin Z-20) ក៏ធ្លាប់រងការចោទប្រកាន់ថា ជារបស់ចម្លងតាមឧទ្ធម្ភាគចក្រ UH-60 Black Hawk របស់ក្រុមហ៊ុនអាមេរិក ស៊ីក័រស្កាយ (Sikorsky) ផងដែរ ខណៈយន្តហោះដ្រូនដែលប្រើលើ នាវាដឹកយន្តហោះចម្បាំង សាបស្វដ (Sharp Sword) របស់ក្រុមហ៊ុនចិន Shenyang ក៏ត្រូវបានគេចោទថា ជាការចម្លងបច្ចេកវិទ្យាពីយន្តហោះដ្រូន MQ-25 Stingray របស់ក្រុមហ៊ុនអាមេរិក Boeing ដោយសារតែរូបរាង និងមុខងារស្រដៀងគ្នារបស់ពួកវា ប៉ុន្តែធាតុពិតយ៉ាងណានោះ គឺជាកិច្ចការសម្ងាត់នៃបច្ចេកវិទ្យារបស់ប្រទេសរៀងៗខ្លួន ដែលតែងតែទទួលការការពារយ៉ាងខ្លាំងក្លាបំផុត មិនឲ្យមានការបែកធ្លាយនោះឡើយ៕
ប្រភព៖ សារព័ត៌មាន Sputnik (ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩)