(បរទេស)៖ ក្រោយការពន្យារពេលជាច្រើនដង និងមានភាពស្រពិចស្រពិលកាន់តែខ្លាំងនោះ នៅទីបំផុតទីភ្នាក់ងារអវកាសអាមេរិក NASA នាពេលនេះបានដាក់គោលដៅជាក់លាក់ជាថ្មី ដោយគ្រោងបញ្ជូនមនុស្សឲ្យចុះទៅដល់ភពអង្គារ (Mars) នៅឆ្នាំ២០៣៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងមហាសន្និបាតអវកាសយានិកអន្តរជាតិ International Astronautical Congress (IAC) ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោននាដើមសប្តាហ៍នេះ ប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើយើងអាចបញ្ជូនមនុស្សទៅកាន់ព្រះច័ន្ទបានឆាប់ នោះយើងក៏នឹងអាចបញ្ជូនមនុស្សទៅកាន់ភពអង្គារ បានលឿនដូចគ្នាផងដែរ។ ដូច្នេះខ្ញុំគិតថា យើងនឹងអាចសម្រេចគោលដៅនេះបាននៅឆ្នាំ២០៣៥»។
ជាមួយគ្នានេះ លោក Bridenstine កំពុងព្យាយាមស្វះស្វែងជំរុញដៃគូនៃស្ថានីយអាកាសអន្តរជាតិ ISS ឲ្យរួមគ្នាជួយដល់កិច្ចប្រឹងប្រែងរបស់អង្គការ NASA ក្នុងការសាងសង់ស្ថានីយច្រកផ្លូវអវកាស Lunar Gateway នៅក្បែរព្រះច័ន្ទ និងក្នុងការបញ្ជូនក្រុមអវកាសយានិកឲ្យ ចុះទៅកាន់ទីនោះនៅឆ្នាំ២០២៤។
គួរជម្រាបថា ក្រៅពីនេះ NASA ត្រូវស្វែងរកដំណោះស្រាយសម្រាប់បញ្ហាសំខាន់ៗមួយចំនួន រួមមានបញ្ហាតើក្រុមអវកាសយានិក នឹងត្រូវថែរក្សាសុខភាពរបស់ពួកគេដោយរបៀបណា ក្នុងពេលធ្វើដំណើររាប់ខែក្នុងទីអវកាស ហើយតើត្រូវធ្វើយ៉ាងដូចម្តេចទើប អាចឲ្យពួកគេមានអាហារហូបចុកគ្រប់គ្រាន់នៅលើភពអង្គារ ក៏ដូចជាតើបេសកកម្មនឹងប្រព្រឹត្តទៅតាមវិធីណា ព្រោះការឆ្លើយឆ្លងគ្នារវាងក្រុមការងារនៅលើផែនដី និងក្រុមអវកាសយានិកនៅលើភពអង្គារ គឺមិនបានភ្លាមៗឡើយ ដោយសារចម្ងាយឆ្ងាយ៕