Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនមិនអាចទទួលយកបានឡើយ ចំពោះអំពើហិង្សានៅហុងកុង និងរិះគន់កម្លាំងបរទេសដែលដុតបញ្ឆេះបាតុកម្ម (Video inside)

22-10-2019 10:32

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានចាត់ទុកថា អំពើហិង្សាដែលប្រព្រឹត្តឡើងដោយ ក្រុមបាតុករនៅក្នុងទីក្រុងហុងកុង គឺជារឿងមិនអាចទទួលបាន ខណៈក្រុមបាតុករបង្កហិង្សាកំពុងត្រូវបានគាំទ្រ និងលើកទឹកចិត្តពីកម្លាំងបរទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ដកស្រង់ពី AFP នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៉ារីសនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក វ៉ាង យី បានលើកឡើង យ៉ាងដូច្នេះថា «អ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុងហុងកុងសព្វថ្ងៃ គឺមិនមែនជាការតវ៉ាដោយសន្តិវិធីនោះទេ តែវាគឺជាអំពើហិង្សាសុទ្ធសាធ និងជាទង្វើមិនអាចទទួលយកបាន នៅក្នុងគ្រប់ប្រទេសលើពិភពលោក»

លោកប្រមុខការទូតចិនបន្ថែមទៀតថា ក្រុមបាតុករហិង្សាកំពុងត្រូវបានគាំទ្រ និងលើកទឹកចិត្តពីកម្លាំងបរទេស ក្នុងគោលដៅបង្កចលាចល ក៏ដូចជាអស្ថេរភាពនៅក្នុងទីក្រុងហុងកុង ព្រមទាំងចង់បំផ្លាញគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីររបស់ទីក្រុងប៉េកាំង តែគំនិតអាក្រក់បែបនេះនឹងមិនទទួលជោគជ័យឡើយ។

គួរបញ្ជាក់ថា លោក វ៉ាង យី មិនបានបញ្ជាក់ឱ្យចំៗថា កម្លាំងបរទេសនោះគឺជានរណាឱ្យប្រាកដនោះទេ តែទីក្រុងប៉េកាំងបានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាំទ្រដល់បាតុករ និងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក បង្កើតសេចក្ដីព្រាងច្បាប់មួយស្ដីពីទីក្រុងហុងកុង ដែលកំពុងញំញីដោយសារតែបាតុកម្មតវ៉ា អស់រយៈពេលជិត៥ខែមកនេះ៕