Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះកំណាចពីរទៀតកំពុងសំដៅមកជប៉ុន ក្រោយព្យុះទីហ្វុង Hagibis ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងបង្ករបួស៣៩៥នាក់! (Video inside)

21-10-2019 13:20

(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថា ខ្យល់ព្យុះហ្វុងចំនួនពីរទៀត នឹងវាយប្រហារជាថ្មីលើប្រទេសដីកោះមួយនេះ ដែលទើបតែរងគ្រោះដោយសារព្យុះទីហ្វុងដ៏កំណាច ហាហ្គីប៊ីស (Hagibis) មិនទាន់ទាំងបានធូរស្បើយផងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុងទី ២១ នៅក្នុងឆ្នាំ២០១៩ នេះមានឈ្មោះថា នីអូគួរិ (Neoguri) អាចនឹងបក់បោកមកដល់ឆ្នេរភាគនិរតី និងភាគខាងត្បូងទីក្រុងតូក្យូ នៅព្រឹកថ្ងៃទី២២ ខែតុលា ស្អែកនេះតែម្តងជាមួយល្បឿនខ្យល់ ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកមួយទៀតមានឈ្មោះថា បួរឡយ (Bualoi) ដែលជាព្យុះទីហ្វុងទី ២២ ក៏កំពុងធ្វើ ដំណើរចេញពីភាគខាងត្បូងផងដែរ ហើយវាត្រូវបានគេរំពឹងថា នឹងមកដល់តំបន់ឆ្នេរភាគខាងកើតប្រទេសជប៉ុន នៅយប់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះជាមួយល្បឿនខ្យល់បក់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ព្យុះទីហ្វុងដ៏កំណាច Hagibis ដែលវាយប្រហារលើប្រទេសជប៉ុនបានផ្ដាច់ជីវិតមនុស្ស ៧៨នាក់ និង ៣៩៥នាក់រងរបួស ខណៈផ្ទះសម្បែងប្រជាជន ៧៩,០០០ខ្នងនៅតែបន្តជន់លិច និងខ្វះអគ្គិសនីប្រើប្រាស់នៅឡើយ៕