(លូហ្ស័រ)៖ មឈូសបុរាណចំនួន ៣០ ដែលមានអាយុកាលជាង ៣,០០០ឆ្នាំ និងមានតុបតែងដោយក្បូរក្បាច់ និងពណ៌ចំរុះនោះ ត្រូវបានរកឃើញនៅទីក្រុង លូហ្ស័រ (Luxor) ភាគខាងត្បូងប្រទេសអេហ្ស៊ីប ស្ថិតនៅបណ្តោយច្រាំងទន្លេនីល (Nile) ទល់មុខប្រាសាទបុរាណ ហាត់សេពស៊ូត (Hatshepsut) នៃអតីតព្រះមហាក្សត្រអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។
ការរកឃើញ កាយយកចេញ និងបើកគំរបមឈូសទាំងអស់ខាងលើនេះ ត្រូវបានធ្វើឡើង ដោយក្រុមបុរាណវិទូរបស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយមានក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនចោមរោម ដើម្បីផ្តិតយកទិដ្ឋភាពទាំងមូល និងកម្រកើតមានបំផុត។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអេហ្ស៊ីប និងក្រុមជំនាញទាំងអស់បានចាត់ទុកថា ការរកឃើញអ្វីៗគ្រប់យ៉ាងពេលនេះ គឺពិតជាព្រឹត្តិការណ៍ធំណាស់សម្រាប់ប្រវត្តិសាស្ត្ររបស់អេហ្ស៊ីប។
ប្រធានឧត្តមក្រុមប្រឹក្សាគ្រប់គ្រងវត្ថុបុរាណរបស់អេហ្ស៊ីប លោក ម៉ូស្តាហ្វា វ៉ាហ្ស៊ីរី (Mostafa Waziri) បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ចំពោះការស្រាវជ្រាវ និងរកឃើញខាងលើដោយដៃរបស់ជនជាតិអេហ្ស៊ីបផ្ទាល់...»។ ពីដំបូងឡើយក្រុមអ្នកស្រាវជ្រាវ បានរកឃើញក្បាលមឈូសតែមួយប៉ុណ្ណោះ ប៉ុន្តែក្រោយពីការសង្ស័យទើបពពួកគេព្យាយាមជីកកកាយ និងបានប្រទះឃើញមឈូសសរុបចំនួន ៣០ នៅក្នុងតំបន់ច្រាំងទន្លេតែមួយនោះតែម្តង។
គួរបញ្ជាក់តាមក្រុមបុរាណវិទូអេហ្ស៊ីបបានគណនាថា មឈូសទាំងនេះអាចមានអាយុកាលប្រមាណ ៣,០០០ឆ្នាំមកហើយ ដោយសុទ្ធសឹងតែជាសាកសពម៉ាមីស្ត្រី បុរស និងកូនក្មេង ដែលត្រូវបានរុំយ៉ាងមានរបៀបបំផុត ដូច្នេះវាបញ្ជាក់ឲ្យឃើញថា ពួកគេសុទ្ធសឹងតែបុគ្គលស្ថិតនៅក្នុងវណ្ណៈជាន់ខ្ពស់ ឬ Priest។ សម្រាប់មឈូស ២០ ក្នុងចំណោមមឈូសទាំង ៣០ នឹងត្រូវយកទៅដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិដ៏ធំរបស់អេហ្ស៊ីប ស្ថិតនៅទីក្រុងបុរាណជីសា (Giza) ដែលនឹងត្រូវបើកសម្ពោធនៅឆ្នាំ២០២០៕