(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគីបានឲ្យដឹងថា ទាហានតួកគីម្នាក់បានបាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួស នាថ្ងៃអាទិត្យនេះ ក្រោយមានការវាយប្រហារពីកងកម្លាំងឃើដនៅទីក្រុង Tel Abyad ភាគឦសានប្រទេសស៊ីរី ខណៈកំពុងស្ថិតក្រោមបទឈប់បាញ់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានយល់ព្រមជាមួយអនុប្រធានាធិបតីអាមេរិក លោក Mike Pence ផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងជើងស៊ីរីរយៈពេល០៥ថ្ងៃ ដើម្បីទុកពេលឲ្យកងកម្លាំងឃើដ ដកថយចេញពីតំបន់ដែលតួកគីចង់បង្កើតជាតំបន់សុវត្ថិភាពនៅក្បែរព្រំដែនតួកគី-ស៊ីរី។ នាថ្ងៃនេះ តួកគីបានអះអាងថា កងទ័ពរបស់ខ្លួនម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ដោយសារការវាយប្រហាររបស់ក្រុមឃើដ ពេលកំពុងធ្វើបេសកកម្មឈ្លបការណ៍។
គួរជម្រាបថា ទោះជាបែបនេះក្តី តួកគីនៅតែប្តេជ្ញាបន្តគោរពតាមបទឈប់បាញ់ដដែល។ យោធាតួកគីបានបើកប្រតិបត្តិការនៅតំបន់ភាគខាងជើងស៊ីរី ដើម្បីវាយកម្ចាត់កងកម្លាំងឃើដ ដែលខ្លួនចាត់ទុកជាក្រុមភេរវករ កាលពីថ្ងៃទី០៩ ខែតុលា។ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានតួកគីកាលពីថ្ងៃទី១៣ ខែតុលា យោធាតួកគីបានផ្តាច់ជីវិតអ្នកប្រយុទ្ធឃើដដល់ទៅជាង៥០០នាក់៕