(គួយលីន)៖ ការចូលរួមពីវិស័យឯកជនដើម្បីបង្កើតផលិតផលទេសចរណ៍បន្ថែមជារឿងសំខាន់មួយនៅក្នុងគោលនយោបាយលើវិស័យទេសចរណ៍របស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងស្វះស្វែងរកការវិនិយោគបន្ថែមលើវិស័យទេសចរណ៍នេះ ដើម្បីបង្កើតជាតំបន់កម្សាន្ត រមណីយដ្ឋាន និងសណ្ឋាគារជាដើម។
លោកបណ្ឌិត សុខ សុក្រឹត្យា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិចិន-អាស៊ានឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅទីក្រុងគួលីន ប្រទេសចិន បានប្រឹងប្រែងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជា និងលើកពីគោលនយោបាយអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។
លោក សុខ សុក្រឹត្យ តំណាងឱ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងតំណាងឲ្យប្រទេសអាស៊ានទាំង១០ បានជួបពិភាក្សាការងារវិនិយោគជាមួយអ្នកវិនិយោគិនធំៗ និងបានផ្ដល់កិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មានរបស់ចិនដូចជា CHINA DAILY, GUILIN DAILY NEWS, QQ, GUILIN TV, សារព័ត៌មានអន្តរជាតិ និងសារព័ត៌មានអនឡាញរបស់ចិនជាច្រើនទៀត។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានជម្រាបជូនវិនិយោគិន និងអ្នកសារព័ត៌មានអំពីការអភិវឌ្ឍដ៏ល្អប្រសើរលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងចិន និងអាស៊ាន បានធ្វើឱ្យវិស័យទេសចរណ៍រីកចម្រើន។ ជាក់ស្ដែងនៅកម្ពុជាក្នុងឆ្នាំ២០១៩ វិនិយោគទុនចិនឈរនៅក្នុងលំដាប់ថ្នាក់លេខ១ ដែលបានបោះទុនវិនិយោគចំនួន ២,៨៨០លានដុល្លារអាមេរិក លើវិស័យទេសចរណ៌ដូចជា ព្រលានយន្តហោះអន្តរជាតិ សណ្ឋាគារ ភោជនីយដ្ឋាន កំពង់ផែ រមណីយដ្ឋាន ទេសចរណ៍ និងមជ្ឈមណ្ឌលកម្សាន្តផ្សេងៗទៀត។
លោក សុក្រឹត្យា បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានសក្តានុពល និងកាលានុវត្តន៍ភាពវិនិយោគ ដែលមានប្រៀបខ្លាំងនៅក្នុងតំបន់។ ក្រៅពីធនធានធម្មជាតិដ៏សម្បូរបែប និងកម្លាំងពលកម្មដែលមានតម្លៃមិនសូវថ្លៃ កម្ពុជាជាប្រទេសដែលមានសក្តានុពលវិនិយោគខ្លាំងនៅក្នុងតំបន់ បើផ្អែកទៅតាមទីតាំងភូមិសាស្ត្រ កត្តាស្ថេរភាពនយោបាយ កត្តាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ល។ បន្ថែមពីនេះទៅទៀត កម្ពុជាបានរក្សានូវកំណើនអតិផរណាប្ររចាំឆ្នាំរបស់ខ្លួនឱ្យនៅក្នុងកម្រិតទាបបំផុត។
លេីសនេះទៅទៀតកម្ពុជាផ្តល់ដល់វិនិយោគិននូវបរិស្ថានវិនិយោគមួយប្រកបដោយភាពស្មើគ្នា រវាងបរទេសនិងជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្ត ដែលមានលក្ខណៈប្រកួតប្រជែង គឺវិនិយោគិនបរទេសអាចធ្វើការវិនិយោគ១០០% ស្ទើរគ្រប់វិស័យ ដោយមិនចាំបាច់មានការចូលរួម ពីវិនិយោគិនកម្ពុជា អាចធ្វើការផ្ទេរដោយសេរីនូវប្រាក់ចំណេញទៅប្រទេសរបស់ខ្លួនដោយគ្មានការរឹតត្បិត និងអាចទទួលបាននូវ ការលើកលែងពន្ធលើប្រាក់ចំណេញពី ៦ឆ្នាំទៅ ៩ឆ្នាំ ព្រមទាំងការលើកទឹកចិត្តដទៃផ្សេងទៀត ដែលមិនមានប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដែលអាចផ្តល់អោយដល់វិនិយោគិនបរទេស។
ម៉្យាងទៀតផលិតកម្មនៅកម្ពុជា មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលមានប្រជាជនប្រមាណត្រឹម១៦លាននាក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែផលិតផលចេញពីកម្ពុជា អាចនាំចេញទៅទីផ្សារនៅក្នុងតំបន់ដែលមានអ្នកទិញប្រមាណជា ៦០០លាននាក់។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានប្រតិភូ បានរំឭកពីចំណងមិត្តភាពកម្ពុជា-ចិន ដែលមានតាំងពីសម័យបរមបុរាណមកម៉្លេះ។ ជាពិសេសចំណងមិត្តភាពនេះកាន់តែស្អិតរមួតនៅពេលសម្តេចព្រះបរមរតនកោដ្ឋបានគាំទ្រគោលនយោបាយចិនតែមួយ និងជំរុញឱ្យអន្តរជាតិទទួលស្គាល់ និងប្រគល់អាសនៈនៅអង្គការសហប្រជាជាតិឱ្យសាធារណរដ្ឋប្រជាមានិតចិនវិញ។ នៅពេលបច្ចុប្បន្នចំណងមិត្តភាពកម្ពុជា-ចិន បានវិវឌ្ឍន៍ទៅជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយបានសន្យានឹងជួយជ្រុំជ្រែង និងគាំទ្រគ្នាទៅវិញទៅមកគ្រប់កាល:ទេស:៕