(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បាននិយាយថា កងទ័ពអាមេរិកជិត១,០០០ ដែលដកចេញពីភាគខាងជើងប្រទេសស៊ីរី នឹងត្រូវបានចល័តទៅកាន់ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន US News នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។
លោក Esper បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កងទ័ពអាមេរិកទាំងជិត១,០០០នាក់ កំពុងបន្តដកចេញពីភាគខាងជើងស៊ីរី ដែលដំណើរការនេះអាចចំណាយពេលច្រើនសប្តាហ៍។ ពួកគេនឹងត្រូវផ្លាស់ទៅកាន់តំបន់ភាគខាងលិចអ៊ីរ៉ាក់ ដើម្បីជួយអ៊ីរ៉ាក់ការពារខ្លួន និងធ្វើបេសកកម្មសម្រាប់វាយបកទៅលើពួកគេភេរវករ ISIS។ បច្ចុប្បន្ន កងទ័ពអាមេរិកជាង៥,០០០នាក់ កំពុងមានវត្តមានស្រាប់នៅក្នុងប្រទេសអ៊ីរ៉ាក់។
គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន ក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោក Mike Pence តួកគីបានយល់ព្រមផ្អាកសកម្មភាពប្រតិបត្តិការយោធារបស់ខ្លួនរយៈពេល៥ថ្ងៃ នៅភាគខាងជើងស៊ីរី ដើម្បីទុកពេលឲ្យកងកម្លាំងឃើដដកថយចេញពីតំបន់ដែលតួកគីចង់បង្កើតជាតំបន់សុវត្ថិភាព នៅក្បែរព្រំដែនតួកគី-ស៊ីរី។
ការចរចាបទឈប់បាញ់នេះ ក៏មានគោលដៅបន្ធូរបន្ថយវិបត្តិ ដែលបង្កើតឡើងដោយការសម្រេចចិត្តយ៉ាងតក់ក្រហល់របស់លោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិកជិត១,០០០នាក់ ចេញពីភាគខាងជើងស៊ីរី។ ទង្វើនេះត្រូវបានគេរិះគន់ថា ប្រៀបដូចជាការបោះបង់ចោលក្រុមអ្នកប្រយុទ្ធឃើដ ដែលបានប្រកៀកស្មាកងទ័ពអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS ហើយវាក៏ដូចជាការបើកផ្លូវឲ្យតួកគីធ្វើប្រតិបត្តិការយោធា ដើម្បីកម្ចាត់កងកម្លាំងឃើដផងដែរ៕