(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទីបំផុតបានប្រកាសថា លោកនឹងពុំរៀបចំកិច្ចប្រជុំកំពូល G7 សម្រាប់ឆ្នាំក្រោយ នៅឯរមណីយដ្ឋានវាយកូនហ្គោល Doral របស់លោកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The New York Times នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។
នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter ដូច្នេះ«ពីដំបូងឡើយខ្ញុំគិតថា ខ្ញុំកំពុងតែធ្វើរឿងល្អម៉្យាងសម្រាប់ប្រទេសរបស់យើង តាមរយៈការប្រើប្រាស់ក្លឹបវាយកូនហ្គោល Trump National Doral ដែលស្ថិតក្នុងទីក្រុង Miami នៃរដ្ឋផ្លូរីដា ជាកន្លែងដើម្បីរៀបចំកិច្ចប្រជុំកំពូល G7 ឆ្នាំ២០២០។ ប៉ុន្តែជារឿងធម្មតា បណ្តាញសារព័ត៌មាន និងក្រុមមន្រ្តីបក្សប្រជាធិបតេយ្យបាននាំគ្នារិះគន់ខ្ញុំយ៉ាងកម្រោល»។
លោក ត្រាំ ក៏បានសរសេរបន្តថា «ហេតុនេះហើយ ខ្ញុំបានសម្រេចចិត្តមិនជ្រើសរើសទីតាំងនេះ ជាកន្លែងសម្រាប់ទទួលរៀបចំកិច្ចប្រជុំ G7 នៅឆ្នាំក្រោយទៀតឡើយ ហើយពួកយើងនឹងចាប់ផ្តើមស្វែងរកទីតាំងថ្មីភ្លាមតែម្តង ដែលក្នុងនោះបន្ទាយ Camp David ក៏អាចស្ថិតក្រោមការពិចារណាផងដែរ»។ បន្ទាយ Camp David ដែលជាកន្លែងសម្រាកលំហែរបស់ប្រធានាធិបតីអាមេរិក ស្ថិតនៅចម្ងាយប្រមាណជា១០០គីឡូម៉ែត្រភាគពាយ័ព្យរដ្ឋធានីវ៉ាស៊ីនតោន។
គួរជម្រាបថា គ្រាន់តែមានដំណឹងថា លោក ត្រាំ ចង់ប្រើប្រាស់ក្លឹបវាយកូនហ្គោល Trump National Doral ជាកន្លែងទទួលរៀបចំកិច្ចប្រជុំកំពូល G7 ដែលនឹងធ្វើឡើងពីថ្ងៃទី១០ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២០ សមាជិកសភាបក្សប្រជាធិបតេយ្យ និងអ្នករិះគន់មួយចំនួន បានចោទប្រកាន់លោក ត្រាំ ថាកំពុងតែប្រព្រឹត្តអំពើពុករលួយ ដោយសារយកការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ដើម្បីតែផលចំណេញសម្រាប់រម្មណីយដ្ឋានផ្ទាល់ខ្លួនរបស់លោក៕