(ឈីលី)៖ សកម្មភាពបាតុកម្មនៅក្នុងប្រទេសឈីលី បានប្រែក្លាយទៅជាអំពើហិង្សាដាក់គ្នា យ៉ាងក្តៅគគុករវាងសមត្ថកិច្ច និងក្រុមបាតុកររហូតបង្ខំឲ្យលោកប្រធានាធិបតី សេបាស្ទាន ភីណេរ៉ា (Sebastian Pinera) ប្រកាសដាក់តំបន់មួយចំនួន នៃប្រទេសអាមេរិកខាងត្បូងមួយនេះ ទៅក្នុងគ្រាអាសន្នតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។
សម្រាប់តំបន់ដែលត្រូវដាក់ក្នុងគ្រាអាសន្ននោះមានដូចជា ទីក្រុងសាន់ត្យាហ្គោ (Santiago) និងខេត្តឆាកាប៊ូកូ (Chacabuco) ក៏ព្រោះតែការដំឡើងពន្ធលើវិស័យដឹកជញ្ជូនផ្លូវដែក បានធ្វើឲ្យសាធារណជនមានការខឹងសម្បារយ៉ាងខ្លាំង។ នៅក្នុងទីក្រុង Santiago ស្ថានីយរថភ្លើងសរុបចំនួន ១៣០ ត្រូវបានផ្អាកដំណើរការ ដែលនាំឲ្យអ្នកដំណើររាប់ពាន់នាក់ នៅក្នុងទីក្រុងដែលមានប្រជាជន ៥.៦លាននាក់នេះ ត្រូវរាំងស្ទះមិនអាចចេញទៅណាមកណាបាន។
សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលឈីលីបានឲ្យដឹងថា មួយរយៈចុងក្រោយនេះសកម្មភាព បាតុកម្មបានប្រែក្លាយកាន់តែក្តៅគគុក ដោយក្រុមបាតុករបានធ្វើការវាយប្រហារ ទៅលើស្ថានីយរថភ្លើងនៅតាមតំបន់នានា ហើយបាតុករខ្លះបានឈានទៅវាយប្រហារ ប្រជាជនធម្មតាថែមទៀត ជាហេតុនាំឲ្យសមត្ថកិច្ចបង្ខំចិត្តប្រើប្រាស់កម្លាំង ដើម្បីស្តារសណ្តាប់ធ្នាប់សាធារណៈឡើងវិញ។
គួរបញ្ជាក់ថា ដើមចមនៃបាតុករដ៏ក្តៅគគុក នោះគឺការដំឡើងថ្លៃសំបុត្រជិះរថភ្លើង រហូតដល់ទៅ ១.១៧ដុល្លារអាមេរិកក្នុងមួយសន្លឹកសម្រាប់អំឡុងម៉ោងកកស្ទះ ហើយប្រការនេះត្រូវបានក្រុមបាតុករលើកឡើងថា ជារឿងមិនអាចទទួលយកបាន។ រដ្ឋាភិបាលឈីលីក៏បានបកស្រាយផងដែរថា ការដំឡើងថ្លៃខាងលើនេះ គឺជាការឆ្លើយតបទៅនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ និងបញ្ហារូបិយប័ណ្ណប៉េសូ (Peso) របស់ជាតិដែលកំពុងចុះថោក៕