(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី (Liu He) បានអះអាងថា ចិននឹងធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហា និងការព្រួយបារម្ភរបស់ប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ស្មើភាព និងគោរពគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។
លោក Liu He ដែលជាប្រធានក្រុមអ្នកចរចានៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកផងដែរនោះ បានធ្វើការកត់សម្គាល់ខាងលើនាឱកាសថ្លែងសុន្ទរកថាមួយ នៅឯទីក្រុង ណានឆាង (Nanchang) នៃខេត្ត ជាំងស៊ី (Jiangxi) ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន នៅថ្ងៃសៅរ៍នេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលចិនមានទំនុកចិត្តយ៉ាងមុតមាំថា ខ្លួនមានសមត្ថភាពសម្រេចបានដោយជោគជ័យ នូវគោលដៅម៉ាក្រូសេដ្ឋកិច្ច ហើយជាងនេះទៅទៀត ការបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក គឺជារឿងល្អសម្រាប់ភាគទីទាំង ២ និងពិភពលោកទាំងមូល។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក កៅ ហ្វេង (Gao Feng) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំហរ និងគោលដៅរបស់ចិននៅក្នុង កិច្ចចរចាពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនគឺមិនដែលផ្លាស់ប្តូរឡើយ។ កម្មវត្ថុចម្បងរបស់ភាគីទាំងពីរនៅក្នុងកិច្ចចរចា គឺដើម្បីបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ហើយលុបចោលរាល់ការដំឡើងពន្ធបន្ថែមលើទំនិញភាគីនីមួយៗ៕