(ថៃ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានរៀបចំពិព័រណ៍ «STYLE BANGKOK (October) 2019» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៩ ជាលើកទី៥ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសន្និបាតអន្តរជាតិ ទីក្រុងបាងកក ប្រទេសថៃ។
ក្នុងពិព័រណ៍នេះ ក៏មានការអញ្ជើញអ្នកសារព័ត៌មានកម្ពុជាចំនួន២អង្គភាពផងដែរ ដែលក្នុងនោះរួមមាន៖ អ្នកសារព័ត៌មាន Fresh News និង Khmer Time និងអ្នកសារព័ត៌មានមកពីប្រទេសផ្សេងៗជាច្រើនទៀត រួមមាន៖ មីយ៉ាម៉ា, ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម -ល-។ ពិព័រណ៍នេះ មានគោលបំណង លើកស្ទួយមុខមាត់ប្រទេស ជាគោលដៅសម្រាប់ផលិតផល របៀបរស់នៅអន្តរជាតិ គាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ច និងបង្កើនតម្លៃនាំចេញ។
បើតាមលោកស្រី Banjongjitt Angsusingh អគ្គនាយក នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ បានបញ្ជាក់ថា ពិព័រណ៍ «STYLE BANGKOK (October) 2019» នេះ នាំមកនូវជម្រើស នៃផលិតផលរបៀបរស់នៅ ដ៏ធំទូលាយរួមមាន៖ ម៉ូដគ្រឿងសង្ហារឹម, គ្រឿងតុបតែងផ្ទះ និងទំនិញគ្រួសារ ដែលឆ្លើយតបនឹងតម្រូវការ របស់សាធារណជនទូទៅ។
ពិព័រណ៍ «STYLE BANGKOK (October) 2019» មានការដាក់បង្ហាញទំនិញ សម្លៀកបំពាក់, ផលិតផលធ្វើពីស្បែក, វត្ថុអនុស្សាវរីយ៍, សម្ភារប្រើប្រាស់ក្នុងផ្ទះ, សម្ភារតុបតែងផ្ទះ, គ្រឿងសង្ហារឹម និងសម្ភារជាច្រើនមុខទៀត ដែលក្នុងនោះ មានស្តង់ចំនួន១,៨០០ចូលរួម នៅលើផ្ទៃក្រឡាជាង៤១,០០០ម៉ែត្រការ៉េ។
សូមទស្សនារូបភាព នៃពិព័រណ៍ STYLE BANGKOK 2019 នៅទីក្រុងបាងកក ប្រទេសថៃ៖