(ថៃ)៖ ពិព័រណ៍ «STYLE BANGKOK (October) 2019» ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ៥ម៉ឺននាក់ មកពី៧០ប្រទេស។
ពិព័រណ៍នេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសន្និបាតអន្តរជាតិ ទីក្រុងបាងកក ប្រទេសថៃ។
ក្នុងពិព័រណ៍នេះ ក៏មានការអញ្ជើញអ្នកសារព័ត៌មានកម្ពុជា ចំនួន២អង្គភាពផងដែរ ដែលក្នុងនោះរួមមាន៖ អ្នកសារព័ត៌មាន Fresh News និង Khmer Time និងអ្នកសារព័ត៌មានមកពីប្រទេសផ្សេងៗជាច្រើនទៀត រួមមាន៖ មីយ៉ាម៉ា, ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម -ល-។ ពិព័រណ៍នេះ មានគោលបំណង លើកស្ទួយមុខមាត់ប្រទេស ជាគោលដៅសម្រាប់ផលិតផល របៀបរស់នៅអន្តរជាតិ គាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ច និងបង្កើនតម្លៃនាំចេញ។
ថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ជាផ្លូវការ លោក Sansern Samalapa អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មថៃ រៀបចំពិព័រណ៍នេះឡើង ដើម្បីតភ្ជាប់ក្រុមហ៊ុនផលិតក្នុងតំបន់ និងអ្នកទិញនៅក្រៅប្រទេស ដែលមានសក្តានុពល ស្របពេលដែលបញ្ជាក់ពីជំហរដ៏ល្អរបស់ប្រទេសថៃ។
លោក Sansern Samalapa បានបន្ថែមទៀតថា ប៉ុន្តែអ្វីដែលសំខាន់ គឺជាដំណាក់កាលកណ្តាល ក្នុងការលើកកម្ពស់ឧស្សាហកម្ម របៀបរស់នៅថៃ ដែលអាជីវកម្ម៩០ភាគរយ ជាសហគ្រាសធុនតូច និងមធ្យម និងអ្នករចនា ដែលមានទេពកោសល្យ ចង់បង្ហាញពីគំនិតច្នៃប្រឌិតបន្ថែមតម្លៃ និងភាពច្នៃប្រឌិត ដល់ទស្សនិកជនអន្តរជាតិ។
លោក Sansern Samalapa មានសុទិដ្ឋិនិយមថា ពិព័រណ៍នេះ «STYLE BANGKOK (October) 2019» នឹងបន្តបម្រើដល់និន្នាការ ដែលកំពុងវិវត្តនៃឧស្សាហកម្ម និងស្របតាមការរំពឹងទុក របស់ភ្ញៀវទេសចរ។
លោកស្រី Banjongjitt Angsusingh អគ្គនាយក នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មថៃ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចថៃ តាមរយៈការជំរុញការនាំចេញ និងសេវាកម្ម និងការជ្រៀតចូលទីផ្សារអន្តរជាតិ។
លោកស្រី Banjongjitt Angsusingh បានបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ក្រសួងពាណិជ្ជកម្មថៃ បានរៀបចំកម្មវិធី «STYLE Bangkok» ដែលទទួលបានជោគជ័យយ៉ាងខ្លាំង សម្រាប់ក្រុមហ៊ុនផលិតសហគ្រិន អ្នកនាំចូល និងអ្នកនាំចេញ និងអ្នករចនាទាំងថៃ និងបរទេសដោយទទួលបានភ្ញៀវទេសចរ លើសពី៤៥,០០០នាក់ និងទទួលបានការបញ្ជាទិញ ច្រើនជាង២.២៣ពាន់លានបាត។
លោកស្រី Banjongjitt Angsusingh បន្ថែមទៀតថា ពិព័រណ៍ «STYLE BANGKOK (October) 2019» នេះ នាំមកនូវជម្រើស នៃផលិតផលរបៀបរស់នៅ ដ៏ធំទូលាយរួមមាន៖ ម៉ូដគ្រឿងសង្ហារឹម, គ្រឿងតុបតែងផ្ទះ និងទំនិញគ្រួសារ ដែលឆ្លើយតបនឹងតម្រូវការ របស់សាធារណជនទូទៅ។
លើសពីនេះទៀត ពិព័រណ៍នេះ នឹងបង្ហាញពីសមត្ថភាពរបស់សហគ្រិនថៃ ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើងសម្រាប់វត្ថុធាតុដើម គុណភាពផលិតកម្ម និងគំនិតច្នៃប្រឌិត ដែលមានការចូលរួមពី ម៉ាកយីហោឈានមុខគេ ជាង៨០០។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកស្រី Banjongjitt Angsusingh។
ក្នុងនាមអគ្គនាយក នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ លោកស្រីមានជំនឿថា ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងទាក់ទាញចំណាប់អារម្មណ៍ ទាំងផ្នែកជំនួញក្នុងស្រុក និងអន្តរជាតិអ្នកនាំចេញ និងអ្នកនាំចូល ក៏ដូចជាអ្នករចនាម៉ូដ។
លោកស្រី Banjongjitt Angsusingh បានលើកឡើងថា ពិព័រណ៍នេះ មិនត្រឹមតែត្រូវបានរៀបចំឡើង គួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវលក្ខណៈ ទាក់ទាញដូចជាការស្នាក់នៅសមរម្យ អាហារជាច្រើន សេវាកម្មល្អ ការដឹកជញ្ជូនងាយស្រួល និងសុវត្ថិភាព។
លោកស្រី បានគូសបញ្ជាក់ថា «យើងសង្ឃឹមថា នឹងស្វាគមន៍ភ្ញៀវទេសចរ មិនតិចជាង៥ម៉ឺននាក់ មកពី៧០ប្រទេស និងទទួលបានការបញ្ជាទិញចំនួន២០០លានបាត។ ខ្ញុំជឿជាក់ថា ពិព័រណ៍នេះ នឹងជួយយើងឲ្យសម្រេច គោលដៅរបស់យើង ដើម្បីសម្រេចបានកំណើននាំចេញយ៉ាងតិច៣ភាគរយ ស្របតាមផែនការរបស់រដ្ឋាភិបាល»។
សូមបញ្ជាក់ថា ពិព័រណ៍ «STYLE BANGKOK (October) 2019» មានការដាក់បង្ហាញទំនិញ សម្លៀកបំពាក់, ផលិតផលធ្វើពីស្បែក, វត្ថុអនុស្សាវរីយ៍, សម្ភារប្រើប្រាស់ក្នុងផ្ទះ, សម្ភារតុបតែងផ្ទះ, គ្រឿងសង្ហារឹម និងសម្ភារជាច្រើនមុខទៀត ដែលក្នុងនោះ មានស្តង់ចំនួន១,៨០០ចូលរួម នៅលើផ្ទៃក្រឡាជាង៤១,០០០ម៉ែត្រការ៉េ៕