(កាប៊ុល)៖ មនុស្សយ៉ាងតិច៣២នាក់បានបាត់បង់ជីវិត និងជាង៦០នាក់ទៀតបានរបួស ក្រោយពីមានការផ្លោងគ្រាប់ចំលើព្រះវិហារ អ៊ីស្លាមមួយកន្លែង នៅស្រុក Haska Mina នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងនាថ្ងៃសុក្រនេះ នៅពេលគ្រាប់ផ្លោងប្រមាណពីរគ្រាប់ ត្រូវបានក្រុមសកម្មប្រយុទ្ធបាញ់ធ្លាក់លើ ព្រះវិហារអ៊ីស្លាមមួយកន្លែង ចំថ្ងៃដែលអ៊ីស្លាមសាសនិកនាំគ្នាទៅថ្វាយបង្គំនៅតាមព្រះវិហារ។ អ្នកដែលទទួលរងរបួសរាប់សិបនាក់ នោះ ត្រូវបានគេរួសរាន់បញ្ជូនទៅសង្រ្គោះនៅតាមមន្ទីរពេទ្យនានា ដែលនៅក្បែរតំបន់កើតហេតុ ខណៈចំនួនអ្នកស្លាប់ត្រូវគេព្រួយ បារម្ភថា អាចនឹងបន្តកើនថែមទៀត។
គួរជម្រាបថា ពុំទាន់មានក្រុមសកម្មប្រយុទ្ធណាមួយ ចេញមុខអះអាងថា ករណីវាយប្រហារខាងលើជាស្នាដៃរបស់ពួកគេនៅឡើយ ទេ ប៉ុន្តែក្រុមតាលីបង់និង ISIS កាន់កាប់តំបន់មួយចំនួននៃខេត្ត Nangarhar ដែលស្ថិតនៅចម្ងាយ១២០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុល ។ ក្នុងថ្ងៃដដែលនេះ ក៏មានករណីវាយប្រហារដាច់ដោយឡែកផ្សេងទៀតផងដែរ នៅខេត្ត Herat ភាគខាងលិច ក្រោមស្នាដៃរបស់ ពួកតាលីបង់ ដោយជនស៊ីវិល៦នាក់បានស្លាប់ និង៥នាក់ទៀតរបួស។ រីឯកាលពីថ្ងៃពុធវិញ ទាហានអាហ្វហ្គានីស្ថាន២នាក់ និង ជនស៊ីវិលម្នាក់បានស្លាប់ និងមនុស្ស៤៣នាក់ទៀតបានរបួស ដោយសារការវាយប្រហាររបស់ពួកតាលីបង់ដូចគ្នា នៅខេត្ត Laghman ជាប់នឹងខេត្ត Nangarhar៕