(អាមេរិក)៖ បណ្តាញផ្កាយរណបយក្ស សម្រាប់ផ្តល់សេវាអ៊ីនធើណែតហៅថា Starlink របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ប្រហែលជាអាចកើនឡើងចំនួនលើសពីការគ្រោងទុក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។
បច្ចុប្បន្នក្រុមហ៊ុន SpaceX ទទួលបានការអនុញ្ញាតពីអាជ្ញាធរអាមេរិក ដើម្បីបង្កើតបណ្តាញ Starlink ដែលមានផ្កាយរណបចំនួន ១២,០០០គ្រឿងនៅក្នុងទីអវកាស ប៉ុន្តែ SpaceX ទើបតែបានព្យាយាមស្នើសុំដើម្បីពង្រីកបន្ថែមឲ្យដល់ ៣០,០០០គ្រឿង។ សព្វថ្ងៃនេះមានផ្កាយរណបតែប្រមាណជា ២,០០០គ្រឿងប៉ុណ្ណោះ ដែលកំពុងតែធ្វើប្រតិបត្តិការនៅជុំវិញភពរបស់យើង ខណៈគម្រោងដាក់ផ្កាយរណប បន្ថែមយ៉ាងច្រើនសម្បើមបែបនេះរបស់ SpaceX មិនដឹងថា នឹងអាចសម្រេចដល់ទីបញ្ចប់តាមការំពឹងទុកដែរ ឬក៏អត់នោះទេ។
គួរជម្រាបថា យ៉ាងណាមិញគម្រោងបណ្តាញ Starlink បានចាប់ផ្តើមការផ្គុំជាបណ្តើរៗហើយ ដោយកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន SpaceX បានបញ្ជូនផ្កាយរណប ៦០គ្រឿងដំបូងឡើងទៅកាន់ទីអវកាស ហើយរាប់សិបគ្រឿងទៀតអាចនឹងត្រូវបញ្ជូន បន្តនៅមុនដំណាច់ឆ្នាំនេះតែម្តង។ ក្រៅពី SpaceX ក្រុមហ៊ុនមួយចំនួនទៀត ក៏មានមហិច្ឆតាបង្កើតបណ្តាញផ្កាយរណបយក្សស្រដៀងគ្នានេះដែរដូចជា Amazon និង OneWeb ជាដើម៕