(ដាម៉ាស់)៖ ទីប្រឹក្សានយោបាយប្រធានាធិបតីស៊ីរី លោក បូថៃណា ហ្សាអាបាន (Bouthaina Shaaban) បានចាត់ទុកថា បទឈប់បាញ់រវាងតួកគី និងសហរដ្ឋអាមេរិកនៅតំបន់ភាគខាងជើងនៃប្រទេសស៊ីរីនៅតែមានភាពមិនច្បាស់លាស់ ហើយទីក្រុងដាម៉ាស់ ជំទាស់ជាដាច់ខាតនូវគំនិតចង់បង្កើតតំបន់ស្វយ័ត ឃើឌីស្ថាន (Kurdistan)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។
លោក Bouthaina Shaaban បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់ម៉ាយ៉ាឌីន (al-Mayadeen) ដូច្នេះថា «ទឹកដីស៊ីរីគា្មនកន្លែងទំនេរសម្រាប់តំបន់ស្វយ័ត Kurdistan... យើងក៏នឹងមិនជជែកពីរឿងនេះដែរ ពីព្រោះវាគ្មានហេតុផលណាមួយ ត្រូវអនុញ្ញាតឱ្យតំបន់ស្វយ័តបង្កើតឡើង នៅក្នុងប្រទេសស៊ីរីនោះទេ»។ លោក Shaaban បន្ថែមទៀតថា គំនិតចង់បង្កើតតំបន់សុវត្ថិភាពរបស់តួកគីនៅលើទឹកដីស៊ីរី គឺជារឿងមិនត្រឹមត្រូវ ដ្បិតអ្វីដែលទីក្រុងអង់ការ៉ាកំពុងធ្វើនោះ គឺការធ្វើអាណានិគមលើតំបន់មួយ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគីបានយល់ព្រមផ្អាកប្រតិបត្តិការយោធា វាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរីហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីទុកពេលឱ្យក្រុមសកម្មប្រយុទ្ធឃើដដកចេញពីតំបន់សុវត្ថិភាព មួយសម្រាប់ជនភៀសខ្លួនស៊ីរីនៅតាមព្រំដែនរវាងស៊ីរី និងតួកគី។
បទឈប់បាញ់ខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបរវាងអនុប្រធានាធិបតីអាមេរិក លោក Mike Pence និងប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) នៅក្នុងទីក្រុងអង់ការ៉ា។ បទឈប់បាញ់នេះមានរយៈពេល ០៥ថ្ងៃ ហើយសហរដ្ឋអាមេរិកបានយល់ព្រមជួយសម្រួល ដល់ការដកកងកម្លាំងឃើដចេញពីតំបន់សុវត្ថិភាពរបស់តួកគី។
ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្រុមសកម្មប្រយុទ្ធឃើដ YPG នឹងអនុវត្តតាមបទឈប់បាញ់នេះ ឬយ៉ាងណានោះទេ ខណៈទីក្រុងអង់ការ៉ា ក៏បានសង្កត់ធ្ងន់ដែរថាការផ្អាកនេះមិនមានន័យថា តួកគីបញ្ឈប់ប្រតិបត្តិការយោធារបស់នោះទេ ពោលគឺប្រតិបត្តិការយោធានឹងត្រូវបញ្ចប់ លុះត្រាតែឃើដដកចេញពីតំបន់សុវត្ថិភាពទាំងស្រុង៕