(រីយ៉ាដ)៖ ជនបរទេសចំនួន៣៥នាក់បានបាត់បង់ជីវិត និង៤នាក់ទៀតបានរងរបួស នៅពេលរថយន្តក្រុងមួយគ្រឿង បាទៅបុកជាមួយរថយន្តធុនធំមួយគ្រឿងទៀត នៅក្បែរទីក្រុង Medina របស់អារ៉ាប៊ីសាអូឌីត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។
គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីថ្ងៃពុធម្សិលមិញ រវាងរថយន្តក្រុងមួយគ្រឿង ដែលដឹកក្រុមអ្នកធ្វើធម្មយាត្រាពីបរទេសមកកាន់ទីក្រុងពិសិដ្ឋ Medina របស់អារ៉ាប៊ីសាអូឌីត ជាមួយនិងរថយន្តធុនធំមួយគ្រឿងផ្សេងទៀត។ ក្រោយការបុកគ្នារថយន្តក្រុងនោះ ក៏ត្រូវបានភ្លើងឆាបឆេះ ខណៈជនរងគ្រោះគឺជាជនជាតិអារ៉ាប់និងអាស៊ី។
គួរជម្រាបថា កាលពីខែមេសា ឆ្នាំ២០១៨ អ្នកធ្វើធម្មយាត្រាជនជាតិអង់គ្លេសចំនួន៤នាក់បានស្លាប់ និង១២នាក់បានរងរបួស នៅអារ៉ាប៊ីសាអូឌីត នៅពេលរថយន្តក្រុងរបស់ពួកគេបានបុកគ្នាជាមួយរថយន្តដឹកប្រេង នៅតាមផ្លូវឆ្ពោះទៅកាន់ទីក្រុង Mecca។ រីឯកាលពីខែមករា ឆ្នាំ២០១៧ ជនជាតិអង់គ្លេស៦នាក់ ក្នុងនោះមានទាំងទារកអាយុត្រឹម២ខែ ក៏បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវទៅទីក្រុង Medina បន្ទាប់ពីពួកគេបានធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca ផងដែរ៕