គ្រោះរញ្ជួយដីកម្រិត៦.៤ រ៉ិចទ័រ វាយប្រហារកោះ Mindanao ប្រទេសហ្វីលីពីន
16-10-2019 20:22
(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគកណ្ដាលនៃកោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅយប់ថ្ងៃពុធនេះ ដោយបង្កឱ្យប្រជាជននៅក្នុងតំបន់នាំគ្នារត់ ចេញពីអគារ និងផ្ទះសម្បែងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីនេះបានកើត ឡើងនៅម៉ោង ៧៖៣៧នាទីយប់ (ម៉ោងនៅហ្វីលីពីន) ដោយវាមានជម្រៅរញ្ជួយទៅក្នុងដី១៤គីឡូម៉ែត្រ ព្រមទាំងមានចំណុចរញ្ជួយស្ថិតនៅចំងាយ ៧.៧គីឡូម៉ែត្រពីទីក្រុង Columbio។
លើសពីនេះទៅទៀត គ្រោះរញ្ជួយនេះក៏បានរំញ័រទៅដល់ទីកុ្រង Davao និងទីក្រុង General Santos ផងដែរ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬក៏ជនរងគ្រោះនៅឡើយទេ ហើយក៏ពុំមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិដែរ៕