(ហុងកុង)៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃពុធនេះបាននិយាយថា រដ្ឋបាលលោកស្រីនឹងចេញវិធានការថ្មីៗ ដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ហុងកុង នៅចំពោះមុខការញាំញីដោយសារតែចលនាបាតុកម្ម។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
លោកស្រី Lam បានលើកឡើងបែបនេះក្នុងកំឡុងពិធីថ្លែងសារប្រចាំឆ្នាំ ស្តីពីគោលនយោបាយរបស់ទីក្រុងហុងកុង។ លោកស្រីអភិបាលក្រុងបានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងបន្ថែមនឹងត្រូវធ្វើឡើង ដើម្បីជួយដល់សហគ្រាសនានាក្នុងគ្រាលំបាក នៅពេលដែលចាំបាច់ ដែលជាការបូករួមពីលើគោលនយោបាយ ទើបបានដាក់ចេញរយៈពេល ០២ខែកន្លងទៅនេះ។
គួរជម្រាបថា ភាពវឹកវរដោយសារតែសកម្មភាពតវ៉ា អស់រយៈពេលជាច្រើនខែមកនេះ បានបង្កជាបញ្ហាប្រឈមមិនធ្លាប់មាន ចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ដោយចំនួនភ្ញៀវទេសចរ អត្រាការលក់ទំនិញ និងការនាំចេញសុទ្ធតែបានធ្លាក់ចុះ។ សម្រាប់បរិយាកាសនៃការធ្វើអាជីវកម្ម ក៏ហាក់មានភាពអាប់អួរផងដែរ ស្របពេលដែលទីផ្សារការងារ កំពុងប្រឈមនឹងសម្ពាធកាន់តែធ្ងន់ ដោយសារអត្រានៃភាពគ្មានការងារធ្វើបានបន្តកើនឡើង។ ទោះជាបែបនេះក្តី លោកស្រី Lam នៅតែបង្ហាញក្តីសង្ឃឹមថា ហុងកុងនឹងអាចហែលឆ្លងស្ថានភាពបច្ចុប្បន្នបាន៕