(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានបញ្ជាក់ថាជម្រកស្នាក់នៅបណ្ដោះអាសន្ន គឺបើកទ្វារចំហ សម្រាប់មនុស្សគ្រប់រូបទាំងអស់ ដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដោយសារតែព្យុះទីហ្វុង Hagibis បន្ទាប់ពី បុរសគ្មានផ្ទះពីរនាក់ ត្រូវបានគេបណ្ដេញចេញទាំងពេលកំពុងមានព្យុះភ្លៀង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។
បុរសគ្មានផ្ទះសម្បែងពីរនាក់ខាងលើ ត្រូវបានគេបណ្ដេញចេញពីជម្រកស្នាក់នៅបណ្ដោះអាសន្ន នៅឯតំបន់មួយ ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈព្យុះទីហ្វុង Hagibis កំពុងវាយប្រហារលើប្រទេសជប៉ុន ជាមួយ កម្លាំងខ្យល់បក់២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ បុរសទាំងពីរនាក់នេះ ត្រូវបានគេបណ្ដេញចេញដោយសារតែគ្មាន អាស័យដ្ឋានស្នាក់នៅក្នុងតំបន់រងគ្រោះ ហើយវាក៏បានបង្កជាការជជែកដេញដោល និងការរិះគន់យ៉ាងខ្លាំងផងដែរ។ យ៉ាងណាក៏ដោយ លោក អាបេ បានសន្យាថានឹងមិនឱ្យរឿងបែបនេះកើតឡើងជាថ្មីនោះទេ។
គួរជម្រាបថា មកទល់នឹងយប់ថ្ងៃអង្គារនេះ ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis) បានកើន ឡើងដល់៧២នាក់ហើយ ខណៈមនុស្សរាប់សិបនាក់ទៀតនៅបន្តបាត់ខ្លួន និងជាង២០០នាក់បានរងរបួស។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះ នៅតែបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកបាត់ខ្លួន នៅឡើយ៕