(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញមុខទទូចឲ្យតួកគី បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន ដែលកំពុងតែបន្តប្រព្រឹត្តទៅ នៅភាគខាងជើងប្រទេសស៊ីរី ខណៈអន្តរជាតិកំពុងផ្តោតសំខាន់បំផុតលើរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) នាថ្ងៃអង្គារនេះ បានបញ្ចេញមតិពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់តួកគីនៅស៊ីរី ដោយលោកបានអំពាវនាវឲ្យតួកគី បញ្ឈប់សកម្មភាពរបស់ខ្លួន ហើយវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ។ ប្រទេសជាច្រើន ក៏បានធ្វើការទទូចស្រដៀងគ្នាបែបនេះដល់តួកគីផងដែរ ខណៈមួយចំនួនបានចេញវិធានការរួចស្រេច ដើម្បីព្រមានដល់ទីក្រុងអង់ការ៉ា។
លោក Shuang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនតែងតែបានជំទាស់ជានិច្ច ចំពោះការប្រើប្រាស់កម្លាំងទ័ព នៅក្នុងបញ្ហាទំនាក់ទំនងអន្តរជាតិ។ យើងសូមស្នើឲ្យគ្រប់ភាគីគោរពតាមគោលដៅ និងគោលការណ៍មូលដ្ឋាន នៃច្បាប់របស់អង្គការសហប្រជាជាតិ ក៏ដូចជាបទដ្ឋានទូទៅនៃទំនាក់ទំនងអន្តរជាតិ។ លោក Shaung បានបន្ថែមថា ទីក្រុងប៉េកាំងអំពាវនាវឲ្យភាគីទាំងអស់ ដោះស្រាយបញ្ហាវិវាទរវាងគ្នាដោយសន្តិវិធី ក្រោមក្របខណ្ឌនៃច្បាប់អន្តរជាតិ។
គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន តួកគីបានលើកទ័ពឆ្លងព្រំដែនភាគខាងត្បូងរបស់ខ្លួន ចូលទៅកាន់តំបន់ភាគខាងជើងរបស់ស៊ីរី ដើម្បីវាយប្រហារប្រឆាំងនឹងកងកម្លាំងឃើដ បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ផ្តើមដកកងទ័ពចេញពីតំបន់នោះ៕