(ញូយ៉ក)៖ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីលទ្ធផលវិជ្ជមានសម្រាប់វិស័យកសិកម្មអាមេរិក ក្រោយការព្រមព្រៀងគ្នាដំណាក់កាលដំបូងជាមួយចិន ក្រុមកសិករអាមេរិកចង់បានព័ត៌មានលម្អិតបន្ថែមទៀត ដើម្បីឲ្យច្បាស់ក្នុងចិត្តថា វាពិតជារឿងល្អប្រាកដមែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។
ក្នុងសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានអះអាងថា ចិនបានចាប់ផ្តើមការទិញផលិតផលកសិកម្មរហូតដល់ ៥០ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិកវិញហើយ។ ក៏ប៉ុន្តែរយៈពេលជាច្រើនខែមកនេះ ដោយសារតែសង្រ្គាមពាណិជ្ជកម្ម ដែលលោក ត្រាំ ផ្ទាល់ជាអ្នកបង្កើតឡើង បានធ្វើឲ្យកសិករអាមេរិកទទួលរងខាតបង់ធ្ងន់ធ្ងរនោះ ពួកគេមិនទាន់សាទរដំណឹងនេះភ្លាមៗឡើយ គឺពួកគេចង់បានព័ត៌មានលម្អិតបន្ថែមសិន។
សហព័ន្ធ និងសហភាពកសិករធំៗនៅអាមេរិកបានលើកឡើងថា ស្របពេលនៃការត្រេកអរ ដែលនៅទីបំផុតពួកគេបានឃើញសញ្ញាវិជ្ជមាន នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនោះ ពួកគេក៏មិនភ្លេចដែរនូវការរំលឹកថា ផលប្រយោជន៍ជាក់ស្តែងគឺជាអ្វីដែលពិតប្រាកដ សម្រាប់ប្រជាកសិករអាមេរិក ព្រោះស្ថានការណ៍បច្ចុប្បន្ននេះ គឺនៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
គួរជម្រាបថា ទំហំនៃការនាំចូលផលិតផលកសិកម្មអាមេរិកទៅក្នុងប្រទេសចិន បានធ្លាក់ចុះទៅដល់ ១៩.៥ពាន់លានដុល្លារនៅឆ្នាំ២០១៧ ហើយកាលពីឆ្នាំ២០១៨ នៅពេលសង្រ្គាមពាណិជ្ជកម្ម រវាងប្រទេសសេដ្ឋកិច្ចយក្សទាំងពីរផ្ទុះឡើង ទំហំនេះបានបន្តធ្លាក់កាន់តែគំហុកថែមទៀត មកនៅសល់ត្រឹមតែ ០៩ពាន់លានដុល្លារប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងបានចេញវិធានការដំឡើងពន្ធវិញ ឆ្លើយតបនឹងចំណាត់ការស្រដៀងគ្នារបស់ទីក្រុងវ៉ាស៊ីនតោន៕