(តូក្យូ)៖ មកទល់ពេលនេះ មនុស្សយ៉ាងហោច៥៦នាក់ ត្រូវគេរកឃើញថាបានបាត់បង់ជិវិត ដោយសារព្យុះទីហ្វុងដ៏អាក្រក់ឈ្មោះ Hagibis នៅក្នុងប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន NHK នៅយប់ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
ក្រៅពីចំនួនមនុស្សស្លាប់ ក៏មាន១៥នាក់ទៀតនៅបន្តបាត់ខ្លួន ហើយប្រមាណជាង២០០នាក់ទៀតរងរបួសផងដែរ ក្រោយការវាយ ប្រហាររបស់ព្យុះទីហ្វុង Hagibis ដែលបានបោកបក់មកចំទីក្រុងតូក្យូនិងតំបន់ជាច្រើនទៀតដែលនៅក្បែរខាង កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុន។ Hagibis ជាព្យុះទីហ្វុងដ៏កំណាចបំផុតមួយ ដែលព្យុះសាហាវបែបនេះមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈ ពេលជាង៦០ឆ្នាំកន្លងមកឡើយ។
គួរជម្រាបថា ព្យុះទីហ្វុង Hagibis បានធ្វើដំណើរចេញផុតពីប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ក៏ប៉ុន្តែវាបានបន្សល់ទុកស្លាមស្នាមនៃ ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ក្បែរខាងទីក្រុងតូក្យូតែម្តង។ ដោយឡែក ក្រុមអ្នកជួយសង្រ្គោះ និងកម្លាំងស្វ័យការពារ ជប៉ុន កំពុងតែបន្តប្រតិបត្តិការយ៉ាងសកម្មជាទីបំផុត នៅតំបន់ដែលបានរងការវាយប្រហារពីព្យុះ៕