(វ៉ាស៊ីនតោន)៖ ទីក្រុងប៉េកាំងចង់រៀបចំកិច្ចចរចាពាណិជ្ជកម្មជាថ្មីម្ដងទៀត នៅចុងខែតុលាខាងមុខនេះ មុននឹងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយមានឈ្មោះថា «ដំណាក់កាលទី១» ឬ «phase one» ដែលគាំទ្រដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
Bloomberg ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាចំនួនពីរ ដែលដឹងពីកិច្ចព្រមព្រៀងខាងលើ។ ប្រភពទីមួយបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងបញ្ជូនប្រតិភូ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ (Liu He) ទៅពិភាក្សាជាមួយក្រុមមន្ត្រីអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សំណេនៅក្នុងកិច្ចព្រមព្រៀង ដែលអាចនឹងត្រូវបានចុះហេត្ថលេខាដោយលោក ស៊ី ជិនពីង នៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក នៅខែវិច្ឆិកាខាងមុខនេះក្នុងប្រទេសឈីលី។
ចំណែកឯប្រភពទី ២ ក៏បានឱ្យដឹងដែរថា ចិនចង់ឱ្យលោក ដូណាល់ ត្រាំ លុបចោលរាល់គម្រោងដំឡើងពន្ធលើផលិតផលនាំចូលពីចិន ដែលគ្រោងនឹងចូលជាធរមាននៅខែធ្នូ ឆ្នាំ២០១៩។ ប៉ុន្តែទាំងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់ Bloomberg នៅឡើយទេ៕