(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃចន្ទនេះ បាននិយាយថាបើសិនជាអង្គការ NATO មិនគាំទ្រតួកគីទេ នោះពួកគេត្រូវតែជ្រើសរើសថាចង់បន្តនៅជាមួយទីក្រុងអង់ការ៉ា ឬក៏នៅជាមួយ ពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក លោកប្រធានាធិបតីតួកគី បានគូសបញ្ជាក់ដូច្នេះថា៖ «យើងក៏ជាសមាជិក អង្គការ NATO ដែរ ហើយធម្មនុញ្ញនៃប្លុកមួយនេះបានចែងយ៉ាងច្បាស់ថា ការវាយប្រហារលើសមាជិកណាមួយ គឺជាការវាយប្រហារលើ NATO ទាំងមូល...ដូច្នេះខណៈដែលយើងកំពុងស្ថិតនៅក្រោមការគំរាមកំហែងពី ពួកភេរវករ NATO គួរតែស្ថិតនៅជាមួយពួកយើង។ ប៉ុន្តែបើពួកគេមិនគាំទ្រយើង នោះពួកគេត្រូវតែជ្រើសរើស រវាងពួកយើង និងភេរវករ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន តួកគីកំពុងស្ថិតនៅក្រោមសម្ពាធ និងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់បណ្ដាប្រទេស លោកខាងលិច ដោយសារតែការធ្វើប្រតិបត្តិការយោធាវាយលុកចូលតំបន់ភាគខាងជើង ប្រទេសស៊ីរី ដើម្បីកម្ចាត់ ក្រុមសកម្មប្រយុទ្ធឃើដ ចេញពីតំបន់ព្រំដែនរវាងប្រទេសទាំង២ មុននឹងបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ ជនភៀសខ្លួនស៊ីរី រាប់លាននាក់៕