(អាល្លឺម៉ង់)៖ ច្បាប់សុវត្ថិភាពថ្មីមួយរបស់អាល្លឺម៉ង់ (German security rulebook) នឹងមិនហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ក្នុងការផ្គត់ផ្គង់បរិក្ខាពាក់ព័ន្ធនឹងប្រព័ន្ធ 5G នៅក្នុងប្រទេសអាលឺ្លម៉ង់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
ផ្អែកលើប្រភពពីមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ម្នាក់បានឱ្យដឹងទៀតថា សៀវភៅនៃច្បាប់សន្តិសុខអាល្លឺម៉ង់ (German security rulebook) ដែលនឹងត្រូវចេញផ្សាយនៅក្នុងសប្ដាហ៍នេះ នឹងកា្លយជាការទទួលរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ក្នុងបើកចំហទ្វារទទួលយកការផ្គត់ផ្គង់បរិក្ខាពាក់ព័ន្ធនឹងប្រព័ន្ធ 5G បើទោះជាសហរដ្ឋអាមេរិក អំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក កុំប្រើប្រាស់ផលិតផលរបស់ Huawei ដោយសារការបារម្ភពីការស៊ើបការណ៍សំងាត់ ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងក៏ដោយ។ ការចោទប្រកាន់នេះត្រូវបានក្រុមហ៊ុន Huawei ទាត់ចោលជាបន្តបន្ទាប់ ហើយក៏គ្មានក្រុមជំនាញ ឬប្រទេសណាមួយធ្លាប់រកឃើញ ភាពមិនប្រក្រតីលើផលិតផល Huawei នោះដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន នៅក្នុងប្រទេសអាលឺ្លម៉ង់ ក៏ធ្លាប់ព្រមានជាច្រើនលើកផងដែរថា ការដាក់ទណ្ឌកម្ម ឬបម្រាមលើក្រុមហ៊ុន Huawei អាចនឹងអូសបន្លាយ ក៏ដូចជាធ្វើឱ្យខាតបង់ប្រាក់រាប់ពាន់លាន ដុល្លារ ទាក់ទិននឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ 5G៕