(ឥណ្ឌា)៖ ក្រុមហ៊ុន Total បានយល់ព្រមទិញភាគហ៊ុន ៣៧.៤ភាគរយ នៅក្នុងក្រុមហ៊ុនថាមពលឥណ្ឌា អាដានីហ្គាស (Adani Gas) ហើយដែលនេះនឹងធ្វើឱ្យក្រុមហ៊ុនថាមពលបារាំងដ៏ធំមួយនេះ ត្រូវចំណាយប្រាក់ជាង ៦០០លានដុល្លារ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស ដែលស្រែកឃ្លានថាមពលដូចជាឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
Adani Gas ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Adani Group គឺជាក្រុមហ៊ុនចែកចាយថាមពលដ៏ធំបំផុតមួយក្នុងចំណោម ០៤ នៅក្នុងប្រទេសឥណ្ឌា និងមានផែនការពង្រីកស្ថានីយផ្គង់ផ្គង់ ១,៥០០កន្លែងបន្ថែមទៀតនៅក្នុងរយៈពេល ១០ខាងមុខនេះ។ យោងតាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន Total នឹងដាក់សំណើជាផ្លូវការទៅកាន់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Adani Gas ដើម្បីទិញភាគហ៊ុន ២៥.២ភាគរយ មុននឹងទិញភាគហ៊ុនដែលនៅសេសសល់ ហើយដែលនេះនឹងធ្វើក្រុមហ៊ុន Total មានភាគហ៊ុនស្មើគ្នាទៅនឹងភាគហ៊ុនក្រុមហ៊ុនឧស្ម័នឥណ្ឌា។
គួរបញ្ជាក់ថា ឧស្ម័នធម្មជាតិគឺជាប្រភពថាមពលដ៏សំខាន់មួយសម្រាប់ឥណ្ឌា ដែលមានរហូតដល់ ០៧ភាគរយគិតត្រឹមខែមិថុនាកន្លងទៅ ខណៈរដ្ឋាភិបាលទីក្រុងញូដេលី មានគោលដៅបង្កើនការប្រើប្រាស់ឧស្ម័នធម្មជាតិឱ្យដល់ ១៥ភាគរយនៅឆ្នាំ២០៣០៕