(អាតែន)៖ នាវាទេសចរណ៍យក្សមួយគ្រឿង កាលពីសប្តាហ៍មុនបានធ្វើដំណើរឆ្លងកាត់ព្រែកជីកមួយនៅប្រទេសក្រិច ដែលមានទទឹងមិនធំ ជាងទទឹងរបស់កប៉ាល់នោះប៉ុន្មានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
នាវាទេសចរណ៍ខាងលើមានឈ្មោះ MS Braemar របស់ក្រុមហ៊ុនន័រវែស Fred. Olsen Cruise Lines ដែលមានមូលដ្ឋាននៅឯ ចក្រភពអង់គ្លេស។ កប៉ាល់ Braemar បានក្លាយជាកប៉ាល់ធំជាងគេបង្អស់ ដែលបានធ្វើដំណើរឆ្លងកាត់ព្រែក Corinth នៅប្រទេស ក្រិច ខណៈវាមានបណ្តោយប្រវែងជិត២០០ម៉ែត្រ និងទទឹង២២.២៥ម៉ែត្រ រីឯចំណុចដែលតូចបំផុតនៃព្រែកជីកនោះ គឺមានទំហំត្រឹម២៤ម៉ែត្រប៉ុណ្ណោះ។
គួរជម្រាបថា ព្រែកជីក Corinth ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៩៣ ដោយពុះជ្រែកតំបន់ដីហៅថា Isthmus of Conrith នៅ ប្រទេសក្រិច ដើម្បីតភ្ជាប់ឈូងសមុទ្រ Corinth ជាមួយនិងឈូងសមុទ្រ Saronic។ ក្នុងដំណើរឆ្លងកាត់ព្រែក Corinth ទូកតូចមួយ គ្រឿងបាននាំមុខនាវាទេសចរណ៍ MS Braemar ដែលពេលនោះមានផ្ទុកមនុស្ស១,២០០នាក់៕