Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពស៊ីរី ចូលទៅដល់ទីក្រុង Tabqah ខណៈតួកគីកំពុងវាយសង្រ្គប់លើក្រុមអ្នកប្រយុទ្ធឃើដ

14-10-2019 14:08

(លីបង់)៖ កងទ័ពស៊ីរី បានចូលទៅដល់ទីក្រុង Tabqah ដែលធ្លាប់នៅក្រោមការគ្រប់គ្រងដោយក្រុមអ្នកប្រយុទ្ធ ឃើដនៅក្នុងខេត្ត Raqqa ហើយ និងកំពុងបន្តឆ្ពោះទៅកាន់តំបន់ព្រំដែនភាគខាងជើង ដែលជាសមរភូមិយ៉ាងក្ដៅ គគុករវាងយោធាតួកគី និងក្រុមអ្នកប្រយុទ្ធឃើដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

សារព័ត៌មាន Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយលើផ្អែកលើសារព័ត៌មានលីបង់ Mayadeen ប៉ុន្តែ ខាងរដ្ឋាភិបាលទីក្រុងដាម៉ាស់ មិនទាន់ចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយនៅឡើយទេ។ ក្រុមអ្នកប្រយុទ្ធ ឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលស៊ីរី ដោយនៅក្រោមកិច្ចព្រមព្រៀងនេះ កងទ័ពស៊ីរីនឹងត្រូវបញ្ជូនមកកាន់តំបន់ព្រំដែន ជាប់ជាមួយតួកគី ដើម្បីជួយក្រុមអ្នកប្រយុទ្ធឃើដ ទប់ទល់នឹងការវាយលុករបស់ទីក្រុងអង់ការ៉ា។

គួរជម្រាបថា តួកគី បានបើកប្រតិបត្តិការយោធាវាយលុកចូលភាគខាងជើង ប្រទេសស៊ីរីកាលពីថ្ងៃពុធសប្ដាហ៍មុន ក្នុងគោលបំណងបោសសម្អាតពួកភេរវករ ISIS រួមទាំងក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលទីក្រុងអង់ការ៉ា ចោទថាជាបណ្ដាញរបស់គណបក្សពលករឃើដ PKK ( PKK ត្រូវបានតួកគីចាត់ទុកថាជាភេរវករ) និងបង្កើត តំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរីផងដែរ។ ប៉ុន្តែ ប្រតិបត្តិការយោធានេះ ទទួលរងការថ្កោលទោស យ៉ាងខ្លាំងពីបណ្ដាប្រទេសលោកខាងលិច ក៏ដូចជាសម្ព័ន្ធអារ៉ាប់៕