(តូក្យូ)៖ ចំនួនមនុស្សស្លាប់ដោយសារតែព្យុះទីហ្វុងដ៏កំណាច Hagibis នៅក្នុងប្រទេសជប៉ុន បានកើនដល់២៣នាក់ ហើយ ខណៈ១៣នាក់បាត់ខ្លួន និងជាង១៤៩នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។
ជនរងគ្រោះទាំង២៣នាក់ខាងលើ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុង ខេត្ត Kanagawa, Tochigi, Gunma, Iwate, Miyagi, Fukushima, Chiba និងខេត្ត Saitama។ ព្យុះទីហ្វុង Hagibis ដែលត្រូវបានគេចាត់ទុកថា ជាព្យុះដ៏កំណាចបំផុតវាយប្រហារលើជប៉ុន ក្នុងរយៈពេលជាង៦០ឆ្នាំនេះ បានវាយប្រហារលើតំបន់ដីគោក Izu ភាគអាគ្នេយ៍ទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍ ជាមួយល្បឿនខ្យល់បក់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះទីហ្វុង Hagibis ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយ ធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះអាសន្នផងដែរ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុន ផ្ទះច្រើនជាង៤០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្សរាប់លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលយោធាជប៉ុន និងក្រុមអ្នកជួយសង្រ្គោះ ២៧,០០០នាក់ កំពុង បន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងបក់បោកទៅ កាន់តំបន់សមុទ្រ នៅថ្ងៃអាទិត្យនេះ៕