(ម៉ូស្គូ)៖ រុស្ស៊ីមានរួចទៅហើយនូវអាវុធ ដែលអាចទម្លុះចូលគ្រប់ប្រព័ន្ធមីស៊ីលការពារដែនអាកាសទាំងអស់ នៅលើពិភពលោក ប៉ុន្តែទីក្រុងម៉ូស្គូ នឹងបន្តអភិវឌ្ឍអាវុធប្រភេទនេះតទៅទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការនៃសង្រ្គាមសម័យទំនើប។ នេះបើតាមលោក វ្ល៉ាឌីមៀ ពូទីន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។
ថ្លែងប្រាប់សារព័ត៌មាន RT ជាភាសាអារ៉ាប់ កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានគូសបញ្ជាក់ ដូច្នេះថា៖ «យើងមានរួចទៅហើយនូវអាវុធ ដែលអាចទម្លុះចូលគ្រប់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ទាំងអស់នៅលើពិភពលោក ហើយអ្វីដែលយើងបាន និងកំពុងធ្វើ គឺដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព ប្រព័ន្ធមីស៊ីលបាលិស្ទីគរុស្ស៊ី ព្រមទាំងធានាឱ្យបានថាអាវុធថ្មីរបស់យើងគឺគ្មានគូប្រៀប នៅលើពិភពលោក»។
គួរជម្រាបថា ក្រោយដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF កាលពីខែសីហាកន្លងទៅ ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាបានបានបាញ់សាកល្បងអាវុធ ជាពិសេសគឺមីស៊ីលជាច្រើន លើក ខណៈក្រុមអ្នកជំនាញកំពុងព្រួយបារម្ភខ្លាចក្រែងសង្រ្គាមត្រជាក់ និងការរត់ប្រណាំងសព្វាវុធរវាង មហាអំណាចទាំងពីរផ្ទុះឡើងជាថ្មី៕