(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រទេសជប៉ុនត្រូវតែផ្តល់សំណង ចំពោះការបុកពន្លិចទូកសាទកូរ៉េខាងជើង ដោយនាវាល្បាតដែនសមុទ្ររបស់ជប៉ុន ដែលបានកើតឡើងកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។
ក្រៅពីការចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យជប៉ុនផ្តល់សំណងខាងលើនេះ កូរ៉េខាងជើងក៏បានរិះគន់ធ្ងន់ៗចំពោះទង្វើរបស់ជប៉ុនផងដែរ។ ដោយឡែកអាជ្ញាធរជប៉ុនវិញ ក្រោយការកើតមានហេតុការណ៍ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខ្លួនក៏បានដាក់កំណត់ទូតតវ៉ាមួយផងដែរ ទៅកាន់កូរ៉េខាងជើងតាមរយៈស្ថានទូតនៅប្រទេសចិន ដោយសារតែប្រទេសទាំងពីរគ្មានទំនាក់ទំនងការទូត។ កំណត់ទូតនោះបានទាមទារឲ្យកូរ៉េខាងជើង បញ្ឈប់ការចូលនេសាទដោយខុសច្បាប់ នៅក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នៅក្នុងដែនសមុទ្រជប៉ុនតទៅទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះហេតុការណ៍នាវាល្បាតជប៉ុន បុកគ្នាជាមួយទូកនេសាទកូរ៉េខាងជើងបានកើតឡើង ប៉ុន្តែក្រោយមកជប៉ុនក៏បានសង្គ្រោះអ្នកនេសាទកូរ៉េខាងជើងចំនួន ៦០នាក់ផងដែរពីក្នុងទឹកសមុទ្រ ក្រោយទូកនេសាទរបស់ពួកគេបានលិច។ ជប៉ុនក៏បានបញ្ជាក់ទៀតថា ការលិចទូកកូរ៉េខាងជើង គឺដោយសារនៅតែសុខៗទូកនេសាទនោះស្រាប់តែបែរចង្កូត ជាហេតុធ្វើឲ្យនាវាល្បាតជប៉ុនមិនអាចគេចទាន់៕