(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចេញមករើសសំរាមដោយ ខ្លួនលោកផ្ទាល់តែម្តង ពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រមួយកន្លែងរបស់ឥណ្ឌា ជាទីដែលរដ្ឋាភិបាលជ្រើសរើសដើម្បីទទួលដំណើរមកដល់ នៃប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

កំឡុងពេលនេះលោក ណារិដ្រា ម៉ូឌី កំពុងតែជួបពិភាក្សជាមួយលោក ស៊ី ជិនពីង នៅក្នុងទីក្រុងម៉ាម៉ាល់ឡាភួរ៉ាម (Mamallapuram) ដែលជាទីក្រុងបុរាណមួយ ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា និងជាទីទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនផងដែរ។ សកម្មភាពរើសសម្រាមខាងលើនេះ ត្រូវបានបង្ហោះដោយលោក ម៉ូឌី នៅលើគណនីបណ្តាញសង្គម Twitter របស់លោកផ្ទាល់តែម្តង នៅឯទីសម្រាកលំហែកាយផ្ទាល់ខ្លួនរបស់លោក។

គួរបញ្ជាក់ថា សកម្មភាពរើសសំរាមដោយខ្លួនឯង របស់មេដឹកនាំកំពូលឥណ្ឌារូបនេះ ត្រូវបានគេមើលឃើញថា ជាការដាស់សតិដល់ប្រជាជាតិឥណ្ឌាទាំងមូល ឲ្យព្យាយាមបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន នៅក្នុងប្រទេសដែលមានប្រជាជន ច្រើន ជាងគេលំដាប់ទីពីរលើលោកនេះ (ជាង១,៣០០លាននាក់) ខណៈគោលនយោបាយរបស់លោក ម៉ូឌី គឺត្រូវបញ្ចប់ការប្រើប្រាស់ថង់ផ្លាស្ទិក ឲ្យបាននៅឆ្នាំ២០២២៕