(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បាននិយាយថា ប្រសិនបើអារ៉ាប៊ីសាអូឌីតចង់រស់នៅដោយសុខសាន្ត គឺគួរតែងាកទៅកសាងទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជិតខាងរបស់ខ្លួន ជាជាងពឹងទៅផ្អែកលើអ្នកដទៃដូចជាសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។
លោក Zarif បានគូសបញ្ជាក់ថា ប្រទេសលោកស្វាគមន៍ជានិច្ច ចំពោះកិច្ចប្រឹងប្រែងរបស់បណ្តាប្រទេសនានា ដែលមានបំណងល្អចង់សម្របសម្រួលរៀបចំកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ហើយលោកបានដាស់តឿនអារ៉ាប៊ីសាអូឌីតថា សេដ្ឋីប្រេងមួយនេះគួរចាប់ផ្តើមផ្សាភ្ជាប់ចំណងទាក់ទងល្អ ជាមួយបណ្តាប្រទេសជាអ្នកជិតខាងរបស់ខ្លួន ហើយកុំពឹងផ្អែកក៏ដូចជាទុកចិត្តអាមេរិកទៀតទៅ ព្រោះទីក្រុងរីយ៉ាដមិនអាចទិញក្តីសុខសុវត្ថិភាព តាមរយៈការទិញសព្វាវុធឡើយ។
លោក Zarif ក៏បានលើកឡើងផងដែរនូវ ផែនការសន្តិភាពហៅកាត់ថា HOPE ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) កំឡុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ នាពេលកន្លងទៅនេះ។ ផែនការ HOPE បានអំពាវឲ្យប្រទេសទាំង ៨ នៅតំបន់ឈូងសមុទ្រពែករួមសហការគ្នា ដើម្បីសម្រេចបាននូវសុខសន្តិភាពយូរអង្វែង តាមរយៈការចរចាដោយសន្តិវិធី។ លោក Zarif បានបង្ហាញក្តីសង្ឃឹមថា ផែនការនេះនឹងអាចលេចចេញជាការអនុវត្តជាក់ស្តែង។
គួរជម្រាបថា មានសេចក្តីរាយការណ៍ព័ត៌មានថា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីជួបលោក Rouhani និងបន្ទាប់មកលោកនឹងបន្តដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត ដែលទំនងជាស្ថិតក្រោមគោលដៅ ចង់ជួយបន្ធូរបន្ថយភាពតានតឹងនៅឈូងសមុទ្រពែក។
យ៉ាងណាមិញកាលពីថ្ងៃសុក្រម្សិលមិញ កប៉ាល់ដឹងប្រេងអ៊ីរ៉ង់មួយគ្រឿងឈ្មោះ សាប៊ីទី (Sabiti) បានទទួលរងការផ្ទុះឆេះនៅក្បែរទីក្រុង ហ្សេដដាហ៍ (Jeddah) របស់អារ៉ាប៊ីសាអូឌីត។ ទីក្រុងតេហេរ៉ង់បានសង្ស័យថា វាបណ្តាលមកពីការវាយប្រហារដោយគ្រាប់មីស៊ីល ប៉ុន្តែពុំទាន់មានការចោទប្រកាន់ លើប្រទេសណាមួយជាផ្លូវការឡើយ៕