(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei កំពុងទទួលរងការលុកលុយ តាមប្រព័ន្ធព័ត៌មានវិទ្យាប្រហែល ១លានដងក្នុងមួយថ្ងៃៗ ដែលប្រភពនៃការវាយប្រហារគឺមានទាំងមកពីក្នុង និងក្រៅប្រទេស។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន Japan Times នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

លោក ចន សាហ្វហ្វូលក៍ (John Suffolk) ដែលជាថ្នាក់ដឹកនាំមួយរូបរបស់ Huawei ខាងផ្នែកសន្តិសុខព័ត៌មានវិទ្យា ទើបតែបានឲ្យដឹងនាពេលថ្មីៗនេះថា សកម្មភាពវាយលុកលុយទាំងនោះ ទំនងជាមានគោលដៅចង់លួចគន្លឹះសម្ងាត់នៃបច្ចេកវិទ្យា 5G ដែលក្រុមហ៊ុន Huawei បានខិតខំអភិវឌ្ឍន៍ឡើង ខណៈដែល Huawei កំពុងនាំមុខដាច់គេនៅលើពិភពលោក ខាងប្រព័ន្ធសេវាជំនាន់ចុងក្រោយបំផុតនេះ។

បើតាមលោក Suffolk ក្រុមហ៊ុន Huawei ទប់ស្កាត់បានការវាយលុកភាគច្រើន ប៉ុន្តែប្រព័ន្ធកុំព្យូទ័រស៊េរីចាស់ៗមួយចំនួន បានរងការប៉ះពាល់ ហើយក្រុមហ៊ុនមិនទាន់អាចកំណត់ប្រភពជាក់លាក់បាននៅឡើយទេ ដោយគ្រាន់ទាំងដឹងថា ទំនងជាមកពីក្នុង និងក្រៅប្រទេសចិន។

គួរជម្រាបថា កន្លងមកនេះក្រុមហ៊ុន Huawei ទទួលបានកិច្ចសន្យាទាក់ទិននឹង​ការសហការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាសេវា 5G ជាច្រើនជាមួយក្រុមហ៊ុនប្រមាណ ៥០ នៅបណ្តាប្រទេសចំនួន ៣០ ស្របពេលដែលសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូល និងដាក់សម្ពាធសម្ព័ន្ធមិត្តរបស់ខ្លួន កុំឲ្យសហការជាមួយក្រុមហ៊ុន ដោយសារការចោទប្រកាន់ថា ផលិតផលរបស់ Huawei ប្រហែលជា មានលាក់ឧបករណ៍ស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន។ ដោយឡែក ពុំមានភស្តុតាងណាមួយត្រូវបានរកឃើញ ដូចទៅនឹងការអះអាងទាំងគ្មានមូលដ្ឋានរបស់អាមេរិកនោះទេ៕

.