(ម៉ូស្គូ)៖ លោក អាឡិចហ្សៃ លីអូនូវ (Alexei Leonov) ដែលជាអវកាសយានិកជើងចាស់របស់រុស្ស៊ី និងជាមនុស្សដំបូងគេដែលបានចេញដើរនៅក្នុង លំហអវកាសនោះ ទើបតែបានទទួលមរណភាពនៅអាយុ ៨៥ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអវកាសយានិករុស្ស៊ី លោក Leonov បានទទួលមរណភាពនៅទីក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រម្សិលមិញ ហើយសពលោកនឹងត្រូវបញ្ចុះនាថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងទីលានបញ្ចុះសពរបស់យោធារុស្ស៊ី។ លោក Leonov បានដើមពូជអម្បូរជាអ្នកជនជាតិដើមនៃតំបន់ស៊ីបេរី ខណៈលោកស្ថិតក្នុងចំណោមអាកាសយានិកសូវៀត (រុស្ស៊ី) ទាំង ២០រូប ដែលត្រូវបានជ្រើសរើសជាពិសេស ដើម្បីក្លាយជាក្រុមអវកាសយានិកជំនាន់ដំបូងគេ កាលពីឆ្នាំ១៩៦០ ដែលជាពេលលោកបានក្លាយជាមិត្តជាមួយលោក យូរី ហ្គាការីន (Yuri Gagarin)។ លោក Gagarin ជាមនុស្សទីមួយដែលបានឡើងទៅទីអវកាស។
គួរជម្រាបថា លោក Alexei Leonov បានបង្កើតប្រវត្តិសាស្រ្ត តាមរយៈបេសកកម្មមួយដែលពេលនោះ លោកបានចេញពីយានរបស់លោក ហើយដើរក្នុងទីអវកាស (បណ្តែតខ្លួន) រយៈពេល ១២នាទីកាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៦៥។ លោក Leonov ក៏ធ្លាប់ត្រូវបានរើសឲ្យក្លាយជាបុគ្គលដំបូងគេ ដែលត្រូវចុះទៅជាន់លើផ្ទៃព្រះច័ន្ទថែមទៀតផង ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលវិញ នៅពេលក្រុមអវកាសយានិកនៃបេសកកម្ម Apollo អាមេរិក បានចុះទៅដល់ទីនោះមុនកាលពីឆ្នាំ១៩៦៩។ ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏បានសម្តែងការចូលរូមសោកស្តាយ ចំពោះដំណឹងមរណភាពរបស់ អវកាសយានិកជើងចាស់រុស្ស៊ីរូបនេះផងដែរ៕