(តូក្យូ)៖ ព្យុះទីហ្វុងកំណាចហាហ្គីប៊ីស (Hagibis) បាននិងកំពុងរំកិលខ្លួនយ៉ាងលឿន សំដៅមកវាយប្រហារប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរទើបតែបានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិតដោយសារចំហាយដំបូងនៃព្យុះ ស្របពេលដែលមនុស្សម្នា ១.៦៤លាននាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលនឹងអាចកើតឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។
ក្រៅពីការជម្លៀសខ្លួនប្រជាជនជប៉ុនរាប់លាននាក់ខាងលើនេះ ការប្រកួតកីឡាធំៗចំនួនពីរក៏ត្រូវបានផ្អាកផងដែរ ខណៈជើងហោះហើរចំនួន ១,៦០០ ត្រូវលុបចោល។ អាជ្ញាធរឧតុនិយមជប៉ុនបានលើកឡើងថា ព្យុះធំនឹងមកដល់ភាគខាងកើតជប៉ុន នៅរសៀលថ្ងៃសៅរ៍នេះតែម្តងជាមួយល្បឿនខ្យល់ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា ជនជាតិជប៉ុនម្នាក់ដែលបានស្លាប់នោះ មានអាយុ ៤៩ឆ្នាំរស់នៅខេត្តជីបា (Chiba) ភាគខាងកើតទីក្រុងតូក្យូ។ ពីដំបូងឡើយបុរសរងគ្រោះ ត្រូវបានក្រុមសង្គ្រោះរកឃើញក្នុងស្ថានភាពរងរបួស នៅក្នុងរថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿង ដែលទំនងជាការត្រៀមភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព ប៉ុន្តែលោកបានបាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ។
ដោយឡែកអាជ្ញាធរកោះ ហុនស៊ូ (Honshu) វិញបានព្យាករណ៍ថា Hagibis នឹងក្លាយជាព្យុះទីហ្វុងដ៏អាក្រក់បំផុត មិនធ្លាប់មានឡើយតាំងតែពីឆ្នាំ១៩៩១។ បន្ថែមពីនេះមនុស្សចំនួន ០៥នាក់ផ្សេងទៀតក៏បានរងរបួសស្រាលផងដែរ ខណៈឥទ្ធិពលនៃព្យុះទីហ្វុងនេះ ចាប់ផ្តើមជះមកជាបណ្តើរៗនោះ៕