(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាមេរិក NonLethal Technologies កំពុងបន្តទទួលរងការរិះគន់ ដោយសារការលក់គ្រឿងបរិក្ខាសម្រាប់បង្រ្កាបបាតុកម្មឲ្យអាជ្ញាធរហុងកុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។
ក្រុមហ៊ុនឯកជនខាងលើ ដែលមានមូលដ្ឋាននៅរដ្ឋ Pennsylvania បានបន្តទទួលរងការរិះគន់ ចាប់តាំងតែពីមានការរកឃើញថា ប៉ូលិសហុងកុង បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែករបស់ក្រុមហ៊ុននេះ ដើម្បីបង្រ្កាបក្រុមបាតុករ។ ដំណឹងនេះ បានបង្ខំឲ្យអ្នកតាក់តែងច្បាប់អាមេរិកមួយចំនួន ទទូចឲ្យមានផ្អាកនិងហាមឃាត់ការនាំចេញឧស្ម័នបង្ហូរទឹកភ្នែកទៅឲ្យទីក្រុងហុងកុង។
កិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នបង្ហូរទឹកភ្នែកឲ្យហុងកុង បានចាប់ផ្តើមតាំងតែពីខែកក្កដាមកម្ល៉េះ ខណៈកាលពីខែកញ្ញា សភាអាមេរិកក៏បានរៀបចំសេចក្តីព្រាងច្បាប់មួយទាក់ទិងនឹងបញ្ហានេះផងដែរ ហើយបើវាត្រូវបានអនុម័ត នោះការហាមឃាត់នឹងត្រូវអនុវត្តនៅក្នុងរយៈពេល៣០ថ្ងៃបន្ទាប់។ រីឯថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សមាជិកព្រឹទ្ធសភាអាមេរិក ទើបតែបានលើកឡើងជាថ្មីម្តងទៀតពីក្តីព្រួយបារម្ភជុំវិញបញ្ហានេះ។
គួរជម្រាបថា អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានអំពាវនាវដល់បណ្តាប្រទេសនានា រួមទាំងអាមេរិក ឲ្យផ្អាកការផ្គត់ផ្គង់គ្រឿងបរិក្ខាសម្រាប់បំបែកក្រុមមនុស្ស ដូចជារថយន្តបាញ់ទឹក ឧបករណ៍បាញ់ឲ្យក្រហាយភ្នែក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកជាដើម ទៅឲ្យទីក្រុងហុងកុង៕